ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន៖ ការបាត់បង់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់​បង់​ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក​ ការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់​ព្រះរាជឥស្សរជន​ក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ…

រាជធានី​ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក​ ការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់​ព្រះរាជឥស្សរជន​ក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងដូច្នេះ កាលពី​យប់ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្នុងសារលិខិត​​រំលែក​ព្រះម​រណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះការយាងសោយទិវង្គត​របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។  

ក្នុងសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ថា «ខណៈនេះ ទូលព្រះបង្គំ និងភរិយា មានក្តីក្តុកក្តួលរំជួល​ចិត្តឥតឧបមា ដោយទទួលដំណឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច និងជាព្រះ​ប្រធាន​ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គត​ នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំ និងភរិយា សូមចូលរួម​រំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រី ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្ស ប្រកបដោយ​អនិច្ចលក្ខណធម៌ សង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​ជាការបាត់បង់​ព្រះរាជឥស្សរជន​ ក្នុងព្រះរាជវង្ស​ដ៏ល្អ​ឆ្នើម​មួយ​ព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា»។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ទូលព្រះបង្គំ និងភរិយាសូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួង​ព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភព​គ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។

សូមរម្លឹកថា  ​ប្រសូតនៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៤៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​​ព្រះ​រាជ​បុត្រ​​​ទី​ពីរ​របស់​​​ព្រះបាទ នរោត្តម សីហនុ និង​​​ត្រូវ​ជា​​ព្រះរាម​​នៃ​​ព្រះមហាក្សត្រ​​កម្ពុជា បច្ចុប្បន្ន​ គឺ​​ព្រះ​ករុណា ព្រះ​បាទ​​សម្តេច​​ព្រះ​បរម​នាថ នរោត្តម សីហមុនី​។

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​បាន​ជាប់ឆ្នោត ក្លាយជា​នាយករដ្ឋមន្ត្រី​ទីមួយ នៅ​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​១៩៩៧​។ បន្ទាប់មក ព្រះអង្គ ក៏​​ជា​ព្រះប្រធានរដ្ឋសភា ចន្លោះ​ឆ្នាំ​១៩៩៨ ដល់​ង​ឆ្នាំ​២០០៦​។​

​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ក្បួន​រថយន្ត​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ ដែលជាគ្រោះថ្នាក់លើកទី២ បណ្តាលឲ្យ​​ព្រះអង្គ រងរបួស​ធ្ងន់ធ្ងរ ហើយ​អ្នក​ម្នាង អ៊ុក ផល្លា ទទួល​មរណភាព​។ ភ្លាមៗ ព្រះអង្គ ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល នៅ​ប្រទេស​ថៃ អស់ជាច្រើនខែ និង​​ក្រោយមក សម្តេចក្រុមព្រះ ដែល​គង់នៅតែលើរទេះរុញ ត្រូវបាន​បញ្ជូនប​ន្ត​ ទៅ​ព្យាបាល​ព្រះរោគ នៅ​ប្រទេស​បារាំង រហូតដល់​ថ្ងៃ​ចូល​ទិវង្គត​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ