ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឈប់​នៅ​កន្លែង​ស្ងាត់ មើលទៅ​សង្ស័យ ក៏​សុំ​ធ្វើការ​ឆែកឆេរ​និង​សួរនាំ បែកធ្លាយ​ខ្ទេច​ក្នុង​រថយន្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ល្បាត ហើយ​មានការ​សង្ស័យ​ក៏​សុំ​ធ្វើការ​ឆែកឆេរ និង​សាកសួរ​នាំ ទើប​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ល្បាត ហើយ​មានការ​សង្ស័យ​ក៏​សុំ​ធ្វើការ​ឆែកឆេរ និង​សាកសួរ​នាំ ទើប​ដឹង​ថា ពួក​គេ​មានការ​ពាក់ព័ន្ធ​នឹង​ការ​លួច​ផ្លា​ក​លេខ​រថយន្ត​ជា​ច្រើន​បន្ទះ ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​មាត់​ប្រឡាយ​ទឹក​ស្អុយ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ មាន​ម្នាក់​ឈ្មោះ វ៉ង់ ខណ្ឌ​ដែន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ និង​ម្នាក់​ទៀត​មានឈ្មោះ សុខ រ៉ា ហៅ​ណូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច អោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន គឺ​ដំបូង​ឡើយ កម្លាំង​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ពង្រាយ​កម្លាំង​ចេញ​ល្បាត​ពួនស្ទាក់​តាម​បណ្តា​ភូមិសាស្ត្រ​ស្មុគស្មាញ​សំខាន់​ៗ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ។ ខណៈ​ពេល​កម្លាំង​ល្បាត​ដល់​ចំណុច​ខាងលើ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​អង្គុយ​ក្នុង​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 2A-1908 មើលទៅ​គួរ​អោយ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏​សុំ​ធ្វើការ​សហការ​ដើម្បី​សួរនាំ និង​ឆែកឆេរ​រថយន្ត​នោះ ស្រាប់តែ​ពេល​ឆែកឆេរ​ក៏​ប្រទះ​ឃើញ​មាន​ស្លាក​លេខ​រថយន្ត​ជា​ច្រើន​បន្ទះ​ក្នុង​រថយន្ត​របស់​ជនសង្ស័យ ក៏​ធ្វើការ​នាំ​ខ្លួន​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​១ ដើម្បី​សាកសួរ​នាំ​តែ​ម្តង ។

ក្រោយ​ការ​សាក​សួរនាំ​រួច​មក ទើប​បែកធ្លាយ​ថា ពួក​គេ​ទាំង​២​នាក់ គឺជា​ក្រុម​ចោរ​យ៉ាង​សកម្ម ខាង​ដើរ​ដោះ​ផ្លា​ក​លេខ​រថយន្ត សមត្ថកិច្ច​ក៏​សម្រេច​ធ្វើការ​ឃាត់ខ្លួន ដើម្បី​បន្ត​នីតិវិធី​តែ​ម្តង​ទៅ ។

នៅ​ក្នុង​ការ​ឃាត់ខ្លួន​ពួក​គេ​ទាំង​២​នាក់​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន ៖ រថយន្ត​ម៉ាក​កាម​រី ពណ៌​ស ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 2A-1908, អាវដៃវែង ពណ៌​ទឹកប៊ិច មាន​សក្តិ​, មាន​សញ្ញា​ស៊ី​ង អ​.​ហ ចំនួន​០២, មាន​ឡូ​ហ្គោ​អក្សរ​កងរាជអាវុធហត្ថ​ចំនួន​០១, ទូរស័ព្ទ​ដៃ​ចាស់ ០១​គ្រឿង ពណ៌​ខ្មៅ​, កាបូបស្ពាយ ពណ៌​លឿង ចំនួន​០១, ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​០២​សន្លឹក និង​ទុល​ឡឺ​វី​ស​ចំនួន​០២ និង​ផ្លា​ក​លេខ​រថយន្ត​ចំនួន​០៨​បន្ទះ ដែល​នៅ​សេសសល់​ពី​ការ​លួច​បាន ក្នុង​នោះ​រួម​មាន ៖ ផ្លា​ក​លេខ ភ្នំពេញ 2BK-1605 ចំនួន​០២​បន្ទះ​, ភ្នំពេញ 2AB-6722 ចំនួន​០២​បន្ទះ​, ភ្នំពេញ 2BI-5845 ចំនួន​០១​បន្ទះ​, ភ្នំពេញ 2AI-6108 ចំនួន​០១​បន្ទះ និង​នគរបាល 2-1452 ចំនួន​០២​បន្ទះ​) ផង​ដែរ ។

យ៉ាងណាមិញ បច្ចុប្បន្ន​ពួក​គេ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ