ខេត្តសៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាបបានស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៨នាក់ ករណីប្លន់ម៉ូតូរបស់ពលរដ្ឋនៅក្នុងក្រុងសៀមរាបដែលបានគេចខ្លួនបាត់មួយរយៈ ទៅរស់តាមខេត្តមួយចំនួន ។
លោក វរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការខេត្ត រួមជាមួយសហការគ្នាជាមួយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ។
លោកបន្តថា ឆ្លងកាត់ការស៊ើបអង្កេត និងតាមចាប់ខ្លួន០៣ ខេត្ត នោះ គឺមាន: ខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង និងដោយផ្អែកលើការវាយតម្លៃព័ត៌មាន និងដាក់ចេញនូវសកម្មភាពប្រតិបត្តិការរបស់លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ណុប សារ៉ាក់ស្នងការរង ទទួលដឹកនាំការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ ជាលទ្ធផលកម្លាំងនគរបាលការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់បានតាមចាប់បង្ក្រាបដល់ឬស គល់ និងបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងចំនួន០៥នាក់ និងបន្តការស៊ើបអង្កេតឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចំនួន០៣នាក់បន្ថែមទៀត ក្នុងក្រុងសៀមរាប និងដកហូតវត្ថុតាងម៉ូតូជារបស់ជនរងគ្រោះចំនួន០២គ្រឿង (បានប្រគល់ជូនជនរងគ្រោះវិញ ) និងវត្ថុតាងកាំបិតចំនួន០១ដែលធ្វើកម្មភាពកា.ប់សម្លា.ប់ជនរងគ្រោះផងដែរ ។
លោកបន្ថែមថា ជនសង្ស័យទាំង៣នាក់រួមមាន ទី១. ឈ្មោះ ជិន ទីណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ២.ឈ្មោះ អាត ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ។ ៣.ឈ្មោះ គុណ គីម ហៅយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិជប់ ឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចករណីខាងលើនេះពិតប្រាកដមែន ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ និង វត្ថុតាង ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ