ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងដឹកដី ចាក់ពុះឡូត៍លក់ បានបំផ្លាញផ្លូវកៅស៊ូ ១ខ្សែ នៅកំពង់ធំ

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​កំ​ពង់​ធំ​​៖ ពលរដ្ឋ ​បាន​ដ​ង្ហើ​យ​​រក​អាជ្ញាធរ​ឃុំ ស្រុក ក្រុង និង​មន្ទីរ​ជំនាញ​ ឱ្យ​ជួយ​មើលផ្លូវ​ ចាក់​កៅស៊ូ​មួយ​ខ្សែ​ ដែល​ឆ្លងកាត់​ភូមិ​កំពង់​ក្របៅ ក្នុងសង្កាត់​កំពង់​ក្របៅ…

ខេត្ត​កំ​ពង់​ធំ​​៖ ពលរដ្ឋ ​បាន​ដ​ង្ហើ​យ​​រក​អាជ្ញាធរ​ឃុំ ស្រុក ក្រុង និង​មន្ទីរ​ជំនាញ​ ឱ្យ​ជួយ​មើលផ្លូវ​ ចាក់​កៅស៊ូ​មួយ​ខ្សែ​ ដែល​ឆ្លងកាត់​ភូមិ​កំពង់​ក្របៅ ក្នុងសង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន រហូត​ទៅ​ដល់​ភូមិ​ព្រៃ​គុយ ភូមិ​បិណ្ឌ​ដី ក្នុង​ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​កំពុង​រង​ការ​ខូចខាត​យ៉ាងដំណំ ក្នុង​រយៈពេល​ដ៏​ខ្លី ​នៅ​ឆ្នាំ​២០២១​នេះ​។

វិនាសកម្ម​នេះ ​ដោយសារ​តែ​រថយន្ត​ធំ​ៗ​ សម្រុ​ក​ដឹក​ដី ​ចាក់​ដី​ឡូត៍​​ពុះ​លក់ និង​សាងសង់​ជា​ផ្ទះល្វែង ​សម្រាប់​លក់ ដោយ​គ្មាន​ការ​ទប់ស្កាត់ ​ឬ​ក៏​វិធានការ​ផ្លូវច្បាប់​ណាមួយ​ ពី​អាជ្ញាធរ​ និង​ខាង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះ​ឡើយ។  គឺ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​ ធ្វើ​អាជីវកម្ម ​ដឹក​ដី​លក់​យ៉ាង​អនាធិបតេយ្យ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ ​ត្រូវ​បាន​បំផ្លិចបំផ្លាញ ​ស្ទើរ​ខ្ទេចខ្ទី​ គ្មាន​សល់ ​ក្នុង​ឆ្នាំ​២០២១​នេះ​។

ពលរដ្ឋ​​បាន​ដាក់​ការ​សង្ស័យ​ថា ទ​ង្វើ​ខាងលើ​នេះ ​អាច​ធ្វើ​ទៅ​បាន ​គឺជា​ការ​ឃុបឃិត​គ្នា ​ជា​ចង្កោម​រវាង​ក្រុម​ឈ្មួញ​ ដែល​មាន​គ្រឿងចក្រ ​និង​រថយន្ត​ដឹក​ដី​ជាមួយនឹង​អាជ្ញាធរ ព្រមទាំង​ខាង​មន្ទីរ​ជំនាញ​ផង​ដែរ ទើប​មិន​​មានការ​ទប់ស្កាត់​អ្វី​បន្តិច​សោះ​យ៉ាង​ដូច្នេះ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ លោក ជឿន សុ​ខុន មេឃុំ​ព្រៃ​គុយ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ​​ថា ផ្លូវ​កៅស៊ូ ​ក្នុង​ឃុំ​របស់​លោក ​ត្រូវ​ខូចខាត​យ៉ាងដំណំ ​នៅ​ក្នុងឆ្នាំនេះ គឺ​ដោយសារ​តែ​រថយន្ត​ដឹក​ដី​ធ្វើ​អាជីវកម្ម មាន​បី​បួន​ក្រុមហ៊ុន​ឯណោះ ដែល​សំរុក​ដឹក​ដី​ចាក់​ឡូត៍​ពុះ​លក់​។

លោក​មេឃុំ បញ្ជាក់​ថា ខាង​អាជ្ញាធរ​ឃុំ ​បាន​ឲ្យ​ខាង​ក្រុមហ៊ុន​ដឹក​ដី​ ជួសជុល​ផ្លូវ​ឲ្យ​វិញ​ដែរ ក៏​ប៉ុន្តែ​គេ​បាន​តែ​ចាក់​ដី​គ្រួ​ស​ក្រហម​ បំពេញ​ជ​ង្ហុ​គ​ឲ្យ​ស្រួល​ឡាន​គេ​បើកបរ​តែ​ប៉ុណ្ណោះ នៅ​ពេល​ត្រូវ​ភ្លៀង​ខ្ចាយ​ដី​អស់​ទៅ​ក្លាយជា​ថ្លុក​ក្របី​អស់​ដដែល។ គេ​មិន​បាន​ជួសជុល ​ដោយ​ចាក់​កៅស៊ូ​ឲ្យ​វិញ​នោះ​ទេ ហើយ​អាជ្ញាធរ​ឃុំ ​ក៏​ពុំ​មាន​សិទ្ធិ​អ្វី​ឲ្យ​លើស​ពី​នេះ​ដែរ​។

ចំណែក​លោក អ៊ុ​ន បុត្ត អភិបាលស្រុក​កំពង់ស្វាយ ​ប្រាប់​ថា ចំពោះ​ផ្លូវ​ខាងលើ​នេះ ​ពាក់ព័ន្ធ​នឹង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ពីព្រោះ​ការ​ធ្វើ ​និង​ការ​ជួសជុល ​ស្ថិត​នៅ​ក្នុង​គម្រោង​របស់​មន្ទីរ។ សូម​សួរ​ទៅ​ខាង​មន្ទីរ​វិញ​ចុះ។

លោក មុំ ចែ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ​មាន​ប្រសាសន៍​ថា រឿង​ផ្លូវ​មួយ​កំណាត់ ​ដែល​ខូចខាត​ខាងលើ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ថា ប្រហែលជា ​១​ស​ប្តា​ហ៍​ទៀត ​គេ​ជួសជុល​ហើយ បច្ចុប្បន្ន​ខាង​មន្ទីរ​របស់​លោក ​កំពុង​តែ​សម្រុក​គៀរ ​និង​កិន​បង្ហាប់​ចាប់ពី​ចំណុច​ផ្លូវបំបែក​ពី​ភូមិ​អាត់​ស៊ូ​ មក​ហើយ មិនយូរ​នោះ​ទេ​ នឹង​ធ្វើ​មក​ដល់​ឃុំ​ព្រៃ​គុយ​ហើយ។

ចំណែក​ផ្លូវ​ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ​វិញ លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ​ខេត្តកំពង់ធំ មាន​ប្រសាសន៍​ថា ផ្លូវ​មួយ​កំណាត់​ ដែល​រង​ការ​ខូចខាត​ខាងលើ ក្រុង​បាន​លើក​គម្រោង​ជួសជុល​រួច​ហើយ ដោយ​ខាង​មន្ទីរ​របស់​លោក ​ជួយ​ខាង​គ្រឿងចក្រ ចំណែក​ថវិកា ​ជា​ចំណែក​របស់​សង្កាត់​។ លោក​ថា ​មួយ​រយៈ​នេះ គ្រឿងចក្រ ​កំពុង​តែ​ជាប់រវល់​មមាញឹក​សម្រុក​ទៅ​ជួសជុល​ផ្លូវ ​ដែល​ទឹក​ហូរ​ដាច់​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​ស​ន្ទុ​កមួយ​រយៈ​សិន ប្រហែលជា​ក្នុង​ខែធ្នូ​ (​ខែ​១២) ទើប​អាច​ដក​មក​ជួយ​ជួសជុល​ផ្លូវ​ខាងលើ​នេះ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ