រាជធានីភ្នំពេញ ៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំបណ្តាប្រទេសមួយចំនួននាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM-13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មីអំពីការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកលលោកជាក្ដីបារម្ភរួមគ្នា ។
ការថ្លែងនេះ ខណៈកម្ពុជាបាន និងកំពុងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូពីវិមានសនិ្តភាព រាជធានីភ្នំពេញ ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» នារសៀលថ្ងៃទី២៥ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់នៃអត្ថិភាពរបស់ខ្លួនយើងទាំងអស់គ្នាមានការទទួលខុសត្រូវរួមក្នុងការធានាថា ASEM នៅបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូលរួមចំណែកកាន់តែទូលំទូលាយថែមទៀតដល់ការធានា និងរក្សានូវសន្តិភាពស្ថិរភាពវិបុលភាព និងការអភិវឌ្ឍរបស់ពិភពលោក ។
សម្ដេច នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «កិច្ចប្រជុំកំពូល SEM នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកលដែលជាក្តីបារម្ភរួមគ្នា» ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ បានបន្ដថា ចាប់តាំងពីបានចូលរួមនៅក្នុងដំណើរការ ASEM នៅឆ្នាំ២០០៤កម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះដំណើរការនៃកិច្ចប្រជុំកំពូលនេះ ។ ការរក្សាសន្ទុះនៃដំណើរការ ASEM ពិតជាមានសារសំខាន់កាន់តែខ្លាំងឡើងនៅក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ នាបច្ចុប្បន្ននេះ ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាពេលនេះ ក្នុងគោលបំណងសំខាន់ៗដូចជា ៖ ធ្វើឲ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកំណើនរួមគ្នា, លើកស្ទួយភាពជាដៃគូអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល, លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់, ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម៤.០, ពង្រឹងភាពលេចធ្លោ និងភាពពាក់ព័ន្ធរបស់ ASEM និងដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត៕
ចែករំលែកព័តមាននេះ