ខេត្តកណ្តាល ៖ កំណាត់ផ្លូវជាតិលេខ២១បេ មានប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ស្ថិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យមើលស្ថានភាព ដើម្បីរៀបចំជួសជុល ស្តាធ្វើឱ្យប្រសើរឡើងវិញ ។
កាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យមើលកំណាត់ផ្លូវជាតិលេខ ២១បេ ប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល ក្នុងគោលបំណង ដើម្បីពិនិត្យមើលលទ្ធភាព នៃការជួសជុលស្តាធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវនេះ ដោយប្រើគ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ចរាចរណ៍ ផលប៉ះពាល់បរិស្ថាន និងអាចជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋបានរហ័សទាន់ពេលវេលា ។
ក្នុងពេលចុះពិនិត្យផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមការងារបច្ចេកទេស ក្រោមឱវាទ អនុវត្តការងារជួសជុលផ្លូវនេះ ឲ្យបានរួចរាល់លឿនបំផុត និងមានគុណភាពរឹងមាំ កុំឲ្យគេថា ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ធ្វើយ៉ាងណាបញ្ជៀសការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលសាងសង់ មិនបង្កការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវអនុវត្តការសាងសង់ នៅចន្លោះម៉ោងណា ដែលមានចរាចរណ៍តិច ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងយកចិត្តទុកដាក់ពន្លឿនការងារសាងសង់ឲ្យបានឆាប់រហ័សផងដែរ ។
សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ២១បេនេះ មានប្រវែងសរុប ១២,៣៣គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ នៅផ្លូវបំបែកផ្លូវជាតិលេខ១ ដោយឆ្លងកាត់ស្ពានព្រែកសំរោង ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ