អ្នកទស្សនវិជ្ជាពុទ្ធសាសនាបានពន្យល់ណែនាំថា ការកសាងកម្លាំងចិត្តរឹងមាំ គឺជាវិធីអប់រំ និងទូន្មានចិត្តជាប្រចាំឲ្យមានសុទិដ្ឋិនិយម និងការគិតដែលមានប្រយោជន៍ដល់ចិត្ត ធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់យើងមានភាពរឹងមាំ អាចប្រឈមមុខនឹងបញ្ហាក្នុងជីវិតរស់នៅប្រកបដោយទស្សនវិជ្ជមាន ។ ការកសាងកម្លាំងចិត្តរឹងមាំគឺជាចំណែកមួយយ៉ាងសំខាន់នៃការថែទាំសុខភាពផ្លូវចិត្តរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ ។

ការគិតប្រកបដោយទស្សនវិជ្ជមាន ការគិតអាចបង្កើតនូវសេចក្ដីស្រឡាញ់ ទឹកចិត្តសប្បាយរីករាយ ការគុំកួន ការខូចចិត្ត ។ល។ នៅពេលដែលយើងគ្រប់គ្រងអារម្មណ៍របស់យើងបានល្អហើយ ចិត្តយើងមានភាពស្ងប់ស្ងាត់ ស្រស់ស្រាយ ភ្លឺថ្លា និងសុទិដ្ឋិនិយម ។ មានពុទ្ធភាសិតមួយល្បះពោលថា « ចិត្តដែលគេទូន្មាន ឬគ្រប់គ្រងបានល្អហើយ រមែងនាំមកនូវសេចក្ដីសុខ » ។

ក្នុងមួយថ្ងៃៗគេអាចប៉ាន់ប្រមាណឃើញថា មនុស្សម្នាក់បានប្រើប្រាស់ការគិតប្រមាណជារាប់ពាន់គំនិតផ្សេងៗគ្នា ។ យើងអាចចែកការគិតទាំងអស់ជាបួនប្រភេទសំខាន់ៗគឺ៖
១- ការគិតឥតប្រយោជន៍ គឺជាការប្រើគំនិតដែលមានលក្ខណៈខ្ជះខ្ជាយឥតប្រយោជន៍ពីរឿងអតីតកាល ឬអនាគតដែលពុំជាក់លាក់ រួមទាំងគំនិតមន្ទិលសង្ស័យផ្សេងៗ ដោយបង្កើតអារម្មណ៍រវើរវាយដែលមិនពិត រួមនឹងការព្រួយបារម្ភអំពីអ្វីដែលមិនចាំបាច់ ។

២- ការគិតប្រកបដោយទស្សនអវិជ្ជមាន គឺជាគំនិតអវិជ្ជមានទាំងឡាយដែលគិតឡើងហើយ ធ្វើឲ្យអន្តរាយដល់ខ្លួនឯង ឬអ្នកដទៃ ។ ការក្រោធខឹង ការគុំកួន ការស្អប់ខ្ពើម ការថ្នាំងថ្នាក់ចិត្ត គំនិតប្រកាន់ឬរើសអើង ជាតិ សាសន៍ ក្រុម ពួក ការច្រណែននិន្នា រួមនឹងគំនិតអវិជ្ជមានផ្សេងទៀត គឺសុទ្ធតែធ្វើឲ្យចិត្តរបស់យើងកក្រើករញ្ជួយ ល្អក់កករគ្មានភាពសុខសាន្តក្នុងអារម្មណ៍ ។
៣- ការគិតដែលមានប្រយោជន៍ ជាគំនិតទាំងឡាយដែលមានភាពជាក់លាក់ ពុំស្រមើស្រមៃដែលបង្កើតបានជាផែនការសម្រាប់ខ្លួនក្នុងដំណើរជីវិតដូចជា ការសិក្សា ការប្រកបមុខរបរចិញ្ចឹមជីវិត ការផ្ដួចផ្ដើមគំនិតជួយដល់អ្នកដទៃ ។
៤- ការគិតប្រកបដោយទស្សនវិជ្ជមានៈ គឺជាអារម្មណ៍ដែលនាំមកនូវផលប្រយោជន៍ចំពោះខ្លួនឯង និងអ្នកដទៃ ហើយបង្កើតបាននូវភាពស្ងប់ស្ងាត់ក្នុងអារម្មណ៍ សុទិដ្ឋិនិយម ការអធ្យាស្រ័យ និងសេចក្ដីសង្ឃឹម។ ការគិតប្រកបដោយទស្សនវិជ្ជមាន គឺជាថាមពលដ៏មហិមាបង្កើតឲ្យមានកម្លាំងចិត្តអាចឲ្យយើងគ្រប់គ្រងអារម្មណ៍ បង្កើតបាននូវភាពសប្បាយរីករាយក្នុងចិត្ត ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ។

នៅក្នុងជីវិតប្រចាំថ្ងៃ ការគិតប្រកបដោយទស្សនវិជ្ជមាន ធ្វើឲ្យយើងងាយបង្កើតនូវផាពយោគយល់ និងចុះសម្រុងជាមួយអ្នកដទៃនៅជុំវិញខ្លួនយើង ព្រមទាំងបានបង្កើតទស្សនសុទិដ្ឋិនិយម ហើយមិនអស់សង្ឃឹមក្នុងការរស់នៅ ៕ សាន សារិន
ចែករំលែកព័តមាននេះ