ខេត្តត្បូងឃ្មុំ ៖ រឿងហេតុនឹកស្មានមិនដល់មួយបានកើតឡើងកាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិត្រពាំងឫស្សី ឃុំរការប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយនារីវ័យក្មេងជាកូនម្នាក់បានផឹកថ្នាំបំពុលសម្លាប់ខ្លួនក្នុងបន្ទប់ ខណៈម្តាយបង្កើតក៏បានរត់ទៅចងកប៉ងសម្លាប់ខ្លួនដែរតែត្រូវបានអ្នកជួយសង្គ្រោះទាន់ ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នារីវ័យក្មេងដែលផឹកថ្នាំពុលសម្លាប់ខ្លួននោះឈ្មោះ អឿន ស្រីម៉ាច អាយុ២៥ឆ្នាំ ។
ប្រភពពីអ្នកជិតខាងបានឲ្យអាជ្ញាធរមូលដ្ឋានដឹងថា នៅល្ងាចថ្ងៃកើតហេតុម្តាយនិងកូនស្រីបានឈ្លោះគ្នាដោយសារតែកូនស្រីបានសុំម្តាយឲ្យយល់ព្រមរៀបការនាងជាមួយបុរសម្នាក់ដែលនាងស្រលាញ់ ដែលធ្លាប់បានចូលស្តីដណ្ដឹងនាងម្តងរួចមកហើយ ប៉ុន្តែម្តាយនាង និងម្តាយមីងនាងនៅតែមិនយល់ព្រមឲ្យនាងរៀបការជាមួយបុរសម្នាក់នោះឡើយ ។
ជម្លោះរវាងកូនស្រី និងម្តាយកាន់តែខ្លាំងទៅៗរហូតអ្នកជិតខាងឮកូនស្រីស្រែកគំរាមម្តាយថា «បើម៉ែឯងមិនព្រមការឲ្យទេ ខ្ញុំនឹងផឹកថ្នាំសម្លាប់ខ្លួន» ពេលនោះគេក៏ឮស្ត្រីជាម្តាយបានគំរាមតបទៅកូនវិញដែរថា «បើឯងផឹកថ្នាំ ម៉ែក៏ចងកសម្លាប់ខ្លួនដែរ» ។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីឈ្លោះប្រកែកគ្នាមួយសន្ទុះ កូនស្រីក៏បានរត់ចូលទៅក្នុងបន្ទប់បិទទ្វារជិត ខណៈពេលជាមួយគ្នានោះដែរស្ត្រីជាម្ដាយក៏បានរត់ទៅចងកប៉ងសម្លាប់ខ្លួនដែរតែត្រូវបានអ្នកជិតខាងជួយសង្គ្រោះទាន់ពេល ។ បន្ទាប់ពីជួយសង្គ្រោះស្ត្រីជាម្ដាយហើយ អ្នកជិតខាងក៏នាំគ្នាទៅទម្លាយទ្វារបន្ទប់កូនស្រីក្រែងលោនាងផឹកថ្នាំបំពុលធ្វើអត្តឃាត ។ ពិតដូចជាការគិតមែន ពេលទម្លាយទ្វារបន្ទប់ហើយគេឃើញ ស្រីម៉ាច ដែលជាកូនស្រីកំពុងប្រកាច់បែកពពុះមាត់ក៏ព្យាយាមដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែហួសពេលទៅហើយ ៕
ចែករំលែកព័តមាននេះ