រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់ដែលបានបាញ់តដៃជាមួយសមត្ថកិច្ចកក្រើករាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២៧មេសា រហូតបណ្ដាលឲ្យស្លាប់មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងស្លាប់មេខ្លោងមេម្នាក់នោះ ត្រូវបានសមត្ថកិច្ចត្រៀមនឹងបញ្ជូនទៅសាលាដំបូងរាជធានីនៅព្រឹកថ្ងៃទី៣០មេសានេះ ។
លោកវរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្តរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលចាប់ខ្លួននឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះមាន ១-ឈ្មោះ លី កុកហ៊ុយ ភេទប្រុស អាយុ៦៤ឆ្នាំ ជាថៅជ្រូកខ្វៃ យីហោ លី កុកហ៊ុយ ដែលមានអាសយដ្ឋានផ្ទះលេខ៣៧ ផ្លូវ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក, ២-ឈ្មោះ ទី អៀង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាក្មួយបង្កើតរបស់ឈ្មោះ លី កុកហ៊ុយ និងត្រូវជាបងថ្លៃរបស់ឈ្មោះ លឹម គឹមតេង ដែលត្រូវសមត្ថកិច្ចបាញ់ស្លាប់, ៣-ឈ្មោះ លី វិរៈ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករខ្វៃជ្រូក, ៤-ឈ្មោះ ក្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ កម្មករខ្វៃជ្រូក និង ៥-ឈ្មោះ ស៊ុន ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ កម្មករខ្វៃជ្រូក ។ ជាមួយនោះដែរវត្ថុតាងចាប់បានក៏នឹងត្រូវបញ្ជូនទៅសាលាដំបូងដូចគ្នា មានដូចជា ថ្នាំញៀន២០៦គ្រាប់ រថយន្ត២គ្រឿង អាវុធខ្លី៥ដើម និងអាវុធវែង អាកា១ដើម ព្រមទាំងសម្ភារៈមួយចំនួនទៀត ចំណែកសាកសពជនសង្ស័យជាមេខ្លោងឈ្មោះ លឹម គឹមតេង ត្រូវបានដុតកម្ទេចចោលហើយដែរ ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០មេសានេះដែរ សពលោកវរសនីយ៍ត្រី ទៀន ករុណា មន្ត្រីកងរាជអាវុធហត្ថរហស្សនាមនិម្មិត៣៣ ដែលបានពលីក្នុងពេលបំពេញ ត្រូវបានដង្ហែទៅបូជានៅវត្តនន្ទមុនី ដែលតាមការឲ្យដឹងពីគណៈកម្មការរៀបចំកម្មវិធីថានឹងមានភ្ញៀវ ញាតិមិត្តជិតឆ្ងាយចូលរួមដង្ហែកាន់មរណទុក្ខដ៏ក្រៀមក្រមនោះយ៉ាងច្រើនកុះករ ក្រោមការខិតខំរៀបចំយ៉ាងអស់ពីដួងចិត្តពីសំណាក់លោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ចាការរងកងរាជអាវុធហត្តលើផ្ទៃប្រទេស និងជាមរបញ្ជាការកងរាជអាវុធហត្តរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ