ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះពុទ្ធ​បដិមា​​៣​អង្គ​ នៅ​រួត​បាកាណ ប្រាសាទអង្គរ​វត្ត នឹងត្រូវជួសជុលឡើងវិញ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិស័យ​ឯកជន បាន​ប្រារ​ព្ធ​ពិធី​​ក្រុង​ពលី​បួងសួង​ទៅ​តាម​ប្រពៃណី​ ព្រះពុទ្ធ​

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិស័យ​ឯកជន បាន​ប្រារ​ព្ធ​ពិធី​​ក្រុង​ពលី​បួងសួង​ទៅ​តាម​ប្រពៃណី​ ព្រះពុទ្ធ​សាសនា ​កាលពី​​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ធ្វើការ​ជួសជុល​ព្រះពុទ្ធ​បដិមា​ចំនួន​៣​អង្គ​នៅ​រួត​បាកាណ ​ប្រាសាទអង្គរវត្ត​ ដែល​រងការ​ខូចខាតទ្រុឌទ្រោម ដោយសារ​កត្តាធម្មជាតិ​ ។

លោក យិ​ត ចាន់​ដា​រដ្ឋ អគ្គ​នា​យក​រង​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ព្រះពុទ្ធ​បដិមា​ចំនួន​៣​អង្គ​នៅ​រួត​បាកាណ នៃ​ប្រាសាទអង្គរវត្ត​នេះ បាន​ខូចខាត​ទ្រុឌទ្រោម ដោយ​សារ​កត្តា​ធម្មជាតិ ក្នុងនោះ​​ទីកន្លែងខ្លះ​​មាន​ជ្រាប​ទឹក និង​ទឹក​ហូរ​ច្រោះ ដោយសារ​ទឹក​នោម និង​លាមក​សត្វ​ប្រចៀវ ធ្វើ​ឱ្យ​ព្រះពុទ្ធ​បដិមា​ពុក​ផុយ ទើបត្រូវ​ធ្វើការ​ជួស​ជុល​ឡើង​វិញ បន្ទាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​សម្រាប់​ជួសជុល​ពី​លោក​ជំទាវ​ឧកញ៉ា នាង វិសាខា​ អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភ និង​លោកជំទាវឧកញ៉ាមហាឧបាសិកាកិតិ្តបណ្ឌិត សៀង ចាន់ហេង ។

លោក​​បាន​បន្ត​ថា ក្រៅពី​ព្រះពុទ្ធ​បដិមា​នេះ អាជ្ញាធរ​ក៏​នឹង​ជួសជុល​ស៊ុម​ទ្រ ស៊ុមបង្អួច​ វត្ថុ​សិល្បៈ​ផ្សេង​ៗ ដែល​នៅ​ក្នុង​បរិវេណ​រួត​បាកាណ​នេះ​មួយ​ចំនួន​ផង​ដែរ ដោយ​ដំណើរការ​ជួស​ជុល​គ្រោង​ចំណាយ​ពេលវេលា​ប្រមាណ​៥​ខែ ទើប​រួចរាល់​។

សូម​ជម្រាប​ជូន​ថា បរិវេណ​រួត​បាកាណ ជាទី​សក្ការ​:​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​តែងតែ​គោរព​បូជា នៅ​​បាន​ពេល​មក​ដល់​ប្រាសាទអង្គរវត្ត ហើយ​ក្នុង​ដំណើរការ​ជួសជុល​នេះ មិន​ប៉ះពាល់​​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​នោះ​ទេ ដូច្នេះ​មិន​មានការ​បិទ​ ឬ​ផ្អាក​ការ​ឡើង​ទៅ​ទស្សនា ឬ​ការ​ធ្វើ​ពិធីបួងសួង​របស់​ប្រជាពលរដ្ឋ​ឡើយ​។

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នកជំនាញ​អភិរក្ស​ចម្លាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ នូវ​ព្រះពុទ្ធ​បដិមា​មួយ​អង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណ ដែល​មានការ​ខូចខាត​ទ្រុឌទ្រោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ