ក្រុមហ៊ុន Apple សម្រេចចិត្តបញ្ចេញរបាយការណ៍នៃការលក់ធ្លាក់ចុះ iPhone ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ កាលពីបីខែដំបូងឆ្នាំ២០១៦ ការលក់ទូរស័ព្ទ iPhone បានធ្លាក់ចុះជាលើកដំបូងក្នុងប្រាក់ចំណូលពុំធ្លាប់កើតមាននោះទេ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមានមូលដ្ឋាននៅកាលីហ្វ៊័រនីញ៉ាសហរដ្ឋអាមេរិកឱ្យដឹងកាលពីខែមករាថា ខ្លួនរំពឹងរបាយការណ៍លក់ស្ថិតនៅចន្លោះ៥០ពាន់លានដុល្លារ និង៥៣ពាន់លានដុល្លារ ។ បើប្រៀបធៀបទៅអំឡុងពេលដូចគ្នាកាលពីឆ្នាំមុនលក់បាន៥៨ពាន់លានដុល្លារ។
អ្នកវិភាគបានព្យាករថា ក្រុមហ៊ុន Apple បានលក់ iPhone ចំនួន៥០លានគ្រឿងក្នុងអំឡុងពេលបីខែដើមឆ្នាំ២០១៦ ។ នេះបង្ហាញថាមានការធ្លាក់ចុះប្រមាណជា១៨% ដែលឆ្នាំមុនលក់បាន៦១លានគ្រឿងឯណោះ ។ ពួកគេបានប៉ាន់ប្រមាណចំនួនសរុបនៃ iPhone សារពើពន្ធឆ្នាំ២០១៦ បញ្ចប់នៅខែតុលាខាងមុខនឹងធ្លាក់ចុះ៦ភាគរយ ។ កាលពីឆ្នាំ២០១៥ មានចំនួន២៣១លានគ្រឿង ដោយឡែកឆ្នាំ២០១៦ មានត្រឹមតែ២១៧លានគ្រឿងតែប៉ុណ្ណោះ ។
លេខនៃការលក់ចុងក្រោយរបស់ក្រុមហ៊ុន Apple គឺមិនជាប់ពាក់ព័ន្ធនឹងផលិតផល iPhone SE ដែលទើបតែប្រកាសជាផ្លូវការកាលពីខែមីនានោះទេ ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ TrendForce ឱ្យដឹងថា ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជិត៤៤ ភាគរយចន្លោះខែមករា និងខែមីនា ។ ក្នុងរយៈពេល៣ខែនេះក្រុមហ៊ុនបាននាំចេញស្មាតហ្វូនប្រហែល៤២លានគ្រឿងទៅកាន់ក្រុមហ៊ុនលក់រាយ ។ ប្រៀបធៀបកាលពីត្រីមាសមុនមានចំនួន៧៥លានគ្រឿង ៕
ចែករំលែកព័តមាននេះ