ខេត្តស្ទឹងត្រែង ៖ គោ-ក្របីអ្នកភូមិចំនួន៥ឃុំបានងាប់ជាបន្តបន្ទាប់គិតត្រឹមរសៀលថ្ងៃទី២៨ មេសា មានចំនួន៥៤ក្បាលបន្ថែមទៀត លើចំនួនគោក្របី៣០១ក្បាលដែលងាប់កាលពីថ្ងៃទី២៧មេសា ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា ចំនួនគោ-ក្របីដែលងាប់៥៤ក្បាលបន្ថែមទៀតនេះនៅក្នុងឃុំចំនួន៥នោះរួមមាន ៖ ឃុំព្រែកមាស ស្រែសំបូរ សេកុង សន្តិភាព និង ឃុំថ្មកែវ ស្រុកសៀមប៉ាង ។ សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឲ្យងាប់គោ-ក្របីខាងលើ ដោយសារធាតុអាកាសក្តៅហួតហែង កង្វះទឹក និង គ្មានចំណីអាហារ ។
កាលពីថ្ងៃទី២៧មេសា លោក ស៊ី សួន អភិបាលស្រុកសៀមប៉ាងបានប្រាប់«កោះសន្តិភាព»ថា នៅឃុំចំនួន៤ទូទាំងស្រុកសៀមប៉ាង មានករណីគោ-ក្របីងាប់ ដែលបង្កឡើងពីកម្តៅថ្ងៃរីងហួតអត់ទឹកផឹក និងគ្មានចំណីអាហារ ។ លោកអភិបាលស្រុកបានរៀបរាប់ថា នៅឃុំសេកុង ក្របីបានងាប់ចំនួន១៨០ក្បាល និងគោងាប់ចំនួន២០ក្បាល ឃុំព្រែកមាស មានក្របីងាប់ចំនួន១៨ក្បាល និងគោងាប់ចំនួន១៣ក្បាល ឃុំថ្មកែវមានក្របីងាប់ចំនួន១៥ក្បាល និងគោងាប់ចំនួន៥ក្បាល និងឃុំស្រែសំបូរ មានក្របីងាប់ចំនួន២៣ក្បាល និងគោងាប់ចំនួន២៧ក្បាល ដែលក្នុងចំណោមទាំង៤ឃុំនោះ សរុបទាំងគោ និងក្របីងាប់អស់ចំនួន៣០១ក្បាល ចំនួនតួលេខនេះ សម្រាប់តែកំឡុងក្នុងមេសា២០១៦នេះប៉ុណ្ណោះ ។
ចំណែកនៅភូមិជាច្រើនទូទាំងស្រុកសៀមប៉ាងនោះដែរ ក៏កំពុងរងគ្រោះដោយកង្វះទឹកប្រើប្រាស់នោះដែរ ហើយកងកម្លាំងប្រដាប់អាវុធមានកងកម្លាំងយោធាខេត្ត ស្រុកកងកម្លាំងកងរាជអាវុធហត្ថខេត្ត-ស្រុក រួមនិងអាជ្ញាធរបានដឹកទឹកពីទីរួមខេត្តទៅចុះចែកជូនប្រជាពលរដ្ឋប្រើប្រាស់នោះដែរ ។
ដោយឡែកនៅតាមបណ្តាស្រុកមួយចំនួនទៀត ទទួលរងគ្រោះធម្មជាតិដោយកម្តៅថ្ងៃនោះដែរ តែមិនមានរបាយការណ៍ជាលាយលក្ខណ៍អក្សរនៅឡើយទេ ។ សម្រាប់ស្រុកថាឡាបរិវ៉ាត់ មានឃុំចំនួន២ដែលកំពុងប្រឈមនឹងកង្វះទឹកប្រើប្រាស់ ដោយទឹកអូរ ត្រពាំង ស្រះ អណ្តូងជាច្រើន បានរីងហួតសេសសល់អណ្តូងបន្តិចបន្តួច មានការដាក់វេណគ្នាដងទឹកសម្រាប់ប្រើប្រាស់ ហើយក្នុងនោះដែរអណ្តូងដែលចេញទឹកអាចដងបានត្រឹម៣០លីត្រ ទៅ៩០លីត្រប៉ុណ្ណោះ ឃុំដែលកំពុងប្រឈមនោះមានឃុំចំការលើ និងឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែងទន្លេដល់ទៅ៤មានទន្លេសេកុង ទន្លេមេគង្គ ទន្លេសេសាន និងទន្លេស្រែពក តែមិនអាចផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាសរបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់ បូករួមអាកាសធាតុក្តៅហែងសីតុណ្ហភាពឡើងចាប់ពី៣៤អង្សាសេដល់៤២អង្សាសេទៀតនោះ ធ្វើឱ្យរីងហួតអណ្តូង ត្រពាំង បឹង អូរ ទើបមានការងាប់សត្វពាហនៈ និងកង្វះទឹកស្អាតប្រើប្រាស់បែបនេះ ។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ មេសា ២០១៦ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការងាប់សត្វពាហនៈ ពិសេសគោ-ក្របី ដោយសារតែធាតុអាកាសក្តៅ និងបានអំពាវនាវឲ្យមានការរួមគ្នាជួយសង្គ្រោះប្រជាជន និងសត្វទាំងនោះ ៕
ចែករំលែកព័តមាននេះ