ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដក​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្មចេញ​ទាំងអស់ ​​មុនថ្ងៃទី៣០ មេសា ​

8 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​ក្នុង​គោលដៅ​ថែរក្សា​ការពារ ​និង​លើកកម្ពស់​គុណ​តម្លៃ​រមណីយដ្ឋាន​អង្គរ​ ឱ្យស័ក្តិ​សមជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ដល់​បងប្អូន​អាជីវករ​ទាំង

ខេត្តសៀមរាប ​៖ ​ក្នុង​គោលដៅ​ថែរក្សា​ការពារ ​និង​លើកកម្ពស់​គុណ​តម្លៃ​រមណីយដ្ឋាន​អង្គរ​ ឱ្យស័ក្តិ​សមជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ដល់​បងប្អូន​អាជីវករ​ទាំង អស់ ​ដែល​កំពុង​ប្រកប​អាជីវកម្ម​លក់ដូរ និង​ផ្ដល់​សេវាកម្ម​ទេសចរណ៍​​ក្នុង​តំបន់​អង្គរ ដើម្បី​ហាមឃាត់​មិន​ឱ្យ​ដាក់​តាំង​ផ្ទាំង​ផ្សព្វ​ផ្សាយ​​​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ នៅ​តាម​ហាង ឬ​តូប​លក់ដូរ និង​​បាន​ដាក់​សំណើ​​មួយទៀត​ ទៅ​ដល់​ក្រុមហ៊ុនស្រា​បៀរ ​និង​ភេសជ្ជៈ​ទាំង​ឡាយ​ ដែល​មាន​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​នៅ​តំបន់​អង្គរ ឱ្យ​​រុះរើ​​ផ្ទាំង​ផ្សព្វផ្សាយ​របស់​ខ្លួន​​ទាំងអស់ឱ្យ​បាន​មុន​ថ្ងៃ​ទី​​៣០ មេសា ឆ្នាំ​២០១៦ ​។

ព្រោះ​ផ្ទាំង​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​ទាំងនេះ បាន​នឹង​​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ទេសភាព​វប្បធម៌ និង​បទដ្ឋាន​បេតិកភណ្ឌ​ដែល​កំណត់​​តំបន់​អង្គរ​ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ ។ បន្ទាប់​ពី​បាន​ចេញ​សេចក្តីជូនដំណឹង​មក អាជ្ញាធរ​ជាតិ​អប្សរា​បាន​សង្កេត​ឃើញ​​ថា មាន​ក្រុមការងារ​ក្រុមហ៊ុនស្រា​បៀរ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ កំពុង​អនុវត្ត​នូវ​ខ្លឹមសារ​សេចក្ដីណែនាំ​ ដោយ​យក​ចេញ​នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ៗ​ជា​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ​មេសា ឆ្នាំ​២០១៦ មាន​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចំនួន​៣៥១​ផ្ទាំង ត្រូវ​បាន​រុះរើ​ចេញពី​សំណាក់​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ចំនួន​១៦៨​ផ្ទាំង ក្រុមហ៊ុនស្រា​បៀ​កម្ពុជា​ចំនួន ១៣៩​ផ្ទាំង ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ចំនួន​១៣​ផ្ទាំង និង​ក្រុមហ៊ុន​កូកាកូឡា​ចំនួន​៣១​ផ្ទាំង ហើយ​បច្ចុប្បន្ន​នេះ​សកម្មភាព​រុះរើ​ក៏​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់​ផង​ដែរ​។

ដោយឡែក​ ចំពោះ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដែល​មិន​ទាន់​បាន​រុះរើ​ត្រឹម​ថ្ងៃ​ទី​៣០ ​មេសា ឆ្នាំ​២០១៦​ នោះ​ទេ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​​ចាត់វិធានការ​រដ្ឋបាល​​ ដើម្បី​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងនោះ​ ឱ្យ​អស់ពី​តំបន់​អង្គរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​ជាតិ​អប្សរា​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ស្មារតី​ចូលរួម​លើក​តម្លៃ​បេតិកភណ្ឌថែរក្សា​ទេសភាព​វប្បធម៌​ប្រវត្តិសាស្ត្រ​ និង​បរិស្ថាន​ធម្មជាតិ​នៃ​តំបន់​ឧទ្យាន​អង្គរ​ ៕