ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីកម្ពុជា-ចិន ឯកភាពគ្នា ជំរុញ​ពាណិជ្ជកម្ម​ប្រទេសទាំងពីរ ឲ្យកើនឡើងដល់ ១០ពាន់លានដុល្លារ ក្នុង ១ឆ្នាំ

2 អាទិត្យ មុន
  • ភ្នំពេញ

ភ្នំ​ពេញ៖ នៅរសៀលថ្ងៃ​ចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសន្ទនាការងារជាមួយ…

ភ្នំ​ពេញ៖ នៅរសៀលថ្ងៃ​ចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសន្ទនាការងារជាមួយ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ​។ ក្នុងកិច្ចប្រជុំ សម្តេចតេជោ និងលោកនាយករដ្ឋមន្ត្រីចិន បាន​​ឯកភាពគ្នា ក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយ ក៏បានឯកភាពគ្នា ដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខ។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយ ដែលបានជួបពិភាក្សាជាមួយឯកឧត្តម Li Keqiang ហើយឆ្លៀត​ឱកាសនោះ សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ហើយបានថ្លែងអំណរគុណ​ចំពោះមិត្តចិន ដែលតែងតែ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ច ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ ពីការបង្កើតបក្សកុម្មុយនិស្តចិន កាលពីខែ កក្កដា ឆ្នាំ២០២១ និងបានកោតសរសើររដ្ឋាភិបាល និងប្រជាជនចិនលុបបំបាត់ទាំងស្រុងនូវភាព​ទីទាល់ក្រ​ក្នុងសង្គមចិន និងបានអបអរសាទរផងដែរ ចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់ ៩ខែដំបូង នៅឆ្នាំ២០២១ ហើយ ជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតីស៊ី ជីនពីង និងការចូលរួមដោយឯកឧត្តមថ្នាក់ដឹកនាំចិន នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើង។

នៅក្នុងជំនួបនេះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាំង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ​។

ក្នុងក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងឯកឧត្តម លី ខឺឈាំង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។

ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាំង បាន​ឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយ ក៏បានឯកភាពគ្នា ដាក់ឱ្យចូលជាធរមាន​នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខ។

ដោយឡែក លើវិស័យកសិកម្ម ឯកឧត្តម លី ខឺឈាំង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សា ចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់ តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ ប្រទេសចិន គប្បីណាទាក់ទាញធ្វើឲ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង។

ពាក់ព័ន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឧត្តម លី ខឺឈាំង បានឯកភាពគ្នាថា ភាគីចិន នឹងបន្តជួយដល់កម្ពុជាយើង ផ្ដល់ជូនកម្ពុជា នៅវ៉ាក់សាំង ដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនៅពេលឆាប់ៗនេះ ប្រទេសចិន នឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ។

លើសពីនេះទៀត ភាគីចិន នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជា សម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០អាហារូបករណ៍ សម្រាប់រយៈពេល ៥ឆ្នាំ ហើយក៏កំពុងតែពិនិត្យពិចារណាមើលផងដែរ ដើម្បីបើកឲ្យនិស្សិតកម្ពុជា បានត្រឡប់ទៅបន្ត ការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។

ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ឯកឧត្តម លី ខឺឈាំង បានជម្រាបជូនសម្តេចតេជោថា ភាគីចិន នឹង ចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ នឹងផ្ដល់ការគាំទ្រជំនួយដល់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នាឆ្នាំក្រោយនេះផងដែរ៕

Picture
Picture
Picture
Picture
Picture
Picture
Picture