ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ប្រកាស​លក់​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កម្មសិទ្ធិ​របស់​លោក សម រ​ង្ស៊ី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ បាន​ចេញ​ដីការ​ប្រកាស​ដាក់​លក់ ទៅ​ស្នាក់​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​កម្មសិទ្ធិ​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​នេះ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ បាន​ចេញ​ដីការ​ប្រកាស​ដាក់​លក់ ទៅ​ស្នាក់​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​កម្មសិទ្ធិ​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​នេះ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​រាជធានី​ភ្នំពេញ ។

លោក គង់ សភា មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ឯ​ក្រៅប្រទេស ដែរ​នោះ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ការ​ប្រកាស​លក់​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់​តុលាការ​កម្ពុជា គឺជា​នយោបាយ​បំភ័យ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបំបាក់​ស្មារតី​របស់​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​មូលដ្ឋាន ។ ប៉ុន្តែ​លោក យល់​ថា ការ​បំភ័យ​នេះ គឺ​គ្មាន​ប្រយោជន៍​ឡើយ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ ដល់ទី​បញ្ចប់​ហើយ ។

ទាក់ទិន​នឹង​ការ​ប្រកាស​លក់​អតីត​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី​មេធាវី ម៉េ​ង សុធា​រី អតីត​មេធាវី​ការពារ​ឲ្យ​អតីត​គណបក្ស​នេះ បាន​ឲ្យ​ដឹង​ថា លោកស្រី​មិន​បានដឹង​ថា សំណុំរឿង​នេះ ត្រូវ​បាន​មេធាវី​ណាមួយ​កាន់​នោះ​ទេ ។

លោកស្រី​មេធាវី​ថា «​ខ្ញុំ​មិន​បានដឹង​រឿង​នេះ​ទេ ពីព្រោះ​ខ្ញុំ​មិន​បានដឹង​ថា មេធាវី​ណាមួយ​កាប់​សំណុំរឿង​នឹង​ផង​ដែរ​» ។

យោង​តាម​ដីកា​សម្រេច​ចាប់ផ្តើម​លក់​ដោយ​បង្ខំ របស់​លោក អ៊ឹម វណ្ណៈ ចៅក្រម​អនុវត្ត​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រវាង​ម្ចាស់បំណុល នៃ​ការ​អនុវត្ត សម្តេច ហេង សំ​រិ​ន និង​កូនបំណុល នៃ​ការ​អនុវត្ត លោក សម រ​ង្ស៊ី ។ ការ​លក់​នេះ ដើម្បី​ទទួល​បានការ​សង តាម​អំណាច​សាលដីកា​ស្ថាពរ​ចុះ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល ។

ដីកា បន្ត​ថា សិទ្ធិ​បំណុល​ដែល​ទាមទារ​ប្រាក់​ចំនួន ២៥០,០០០,០០០​លាន​រៀល ។ ករណី​ប្តឹងផ្តល់​រវាង​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​លោក សម រ​ង្ស៊ី​នេះ បាន​កើតឡើង​តាំងពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ មក​ម្ល៉េះ ។

លោក សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ក្នុង​របប​ដែល​កើតឡើង​នៅ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ បាន​កាត់ទោស​ប្រហារជីវិត​សម្តេចព្រះ នរោត្តម សីហ​នុ ដោយ​ចោទ​ព្រះ​អង្គ​ថា ជា​ជន​ក្បត់ជាតិ ។

សម្តេច ហេង សំ​រិ​ន បាន​ប្តឹង​លោក សម រ​ង្ស៊ី ពី​បទ​បរិហារកេរ្តិ៍ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​បង្ហោះ​វី​ដេ​អូ​មួយ ដែល​ចោទ​ថា របប​សាធារណរដ្ឋ​ប្រជា​មា​ណិ​ត​កម្ពុជា បាន​កាត់ទោស សម្តេចព្រះ នរោត្តម សីហ​នុ ថា ជា​ជន​ក្បត់ជាតិ ។

បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​លើក​ឡើង​ថា តុលាការ​បាន​ចេញ​ដីកា​ចំនួន​៤​ដាច់ ដោយឡែក​ពី​គ្នា ត្រូវ​បាន​បង្ហោះ និង​ចែករំលែក​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

លោក អ៊ឹម វណ្ណៈ ចៅក្រម នៃ​តុលាការ​ភ្នំពេញ បាន​សម្រេច​ដាក់​លក់​ទី​ស្នាក់​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​កម្មសិទ្ធិ​របស់​លោក សម រ​ង្ស៊ី ជា​កូនបំណុល ដើម្បី​យក​ប្រាក់​ទៅ​សង​ម្ចាស់ បំណុល ៤​ភាគី ។

ដីកា​ទាំងនេះ ត្រូវ​បាន​បង្ហោះ និង​ចែករំលែក​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

ដីកា​ទាំង​៤​នោះ គឺ​ដីកា​ទី​១ មាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ម្ចាស់បំណុល ដីកា​ទី​២ មាន​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ជា​ម្ចាស់បំណុល ដីកា​ទី​៣ មាន​សម្តេច ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ម្ចាស់បំណុល និង​ដីកា​ទី​៤ មាន​រដ្ឋាភិបាល​កម្ពុជា ជា​ម្ចាស់បំណុល ។

កន្លង​មក លោក សម រ​ង្ស៊ី ត្រូវ​ភាគី​ទាំង​៤​នេះ ដាក់​ពាក្យ​ប្តឹង​ពី​បទ​ចោទ​ផ្សេង​ៗ​គ្នា ហើយ​ទាមទារ​ឲ្យ​លោក បង់ប្រាក់​ជា​ការ​សងជំងឺចិត្ត ។ ដោយសារ​លោក សម រ​ង្ស៊ី ដែល​កំពុង រស់នៅ​ឯ​ក្រៅប្រទេស ពុំ​បាន​បង់ប្រាក់​សងជំងឺចិត្ត​ដល់ ភាគី​ទាំង​៤ ទើប​លោក បាន​ក្លាយជា​កូនបំណុល ។

យោង​តាម​ដីកា​ទាំង​៤ លោក សម រ​ង្ស៊ី ត្រូវ​បង់ប្រាក់​ដល់​ទៅ ១​លាន​ដុល្លារ ជូន​សម្តេច ហ៊ុន សែន បង់ប្រាក់​៦​សែន​ដុល្លារ ជូន​សម្តេច ហេង សំ​រិ​ន បង់ប្រាក់​ប្រមាណ ៥​សែន​ដុល្លារ ជូន​សម្តេច ស ខេ​ង និង​បង់ប្រាក់​ជាង​៤,៤​សែន​ដុល្លារ ជូន​រដ្ឋាភិបាល​កម្ពុជា ។

ចៅក្រម អះអាង ក្នុង​ដីកា​ថា ការ​ដាក់​លក់​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ឡើង​ដោយ​បង្ខំ ។

ចៅក្រម បន្ត​ថា ការ​ដាក់​លក់​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ទៅ​តាម​សំណើ​របស់​ម្ចាស់បំណុល ។

ចៅក្រម បញ្ជាក់​ដូច្នេះ​ថា «​កម្មវត្ថុ សុំ​ឲ្យ​អនុវត្ត​តាម​វិធានការ​លក់​ដោយ​បង្ខំ នូវ​អចលនវត្ថុ មាន​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្ណំ​ពេញ ជា​កម្មសិទ្ធិ​របស់​កូនបំណុល​ឈ្មោះ សម រ​ង្ស៊ី ដើម្បី​ទទួល​បានការ​សង​…» ។

យ៉ាងណា​ក្តី គេ​មិនដឹង​ទាន់​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវ​បាន​តុលាការ​ដាក់​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​ច្បាស់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ