ខេត្តរតនគិរី ៖ នៅមន្ទីរពេទ្យបងែ្អកខេត្តរតនគិរី មានលេចឮដំណឹងថា មានគេចូលលួចដឹកឱសថចេញពីក្នុងឃ្លាំងទាំងយប់ ប៉ុន្តែត្រូវគេលាក់បាំងជិតស្ងាត់ ដូចចោរលួចសេះ តែមានប្រភពបង្ហើបឱ្យដឹងឮសុះសាយទៅហើយ ហេតុការណ៍មានចោរចូលលួចដឹកឱសថនោះ ត្រូវបានគេទម្លាយឱ្យដឹងថា បានធ្វើឡើងនៅវេលាយប់ថ្ងៃទី២២ មេសា ២០១៦ ។
តាមប្រភពបង្ហើបថា ឱសថដែលបានបាត់មានចំនួនរហូត ដល់ទៅ១០មុខឯណោះ បើសរុបជាទឹកប្រាក់ប្រហែលជាង៣០០០ដុល្លារ (បីពាន់ដុល្លាអាមេរិក) ។
ក្នុងពេលមានអ្នកចូលលួចឱសថនោះ ក៏មានអ្នកយាមប្រចាំការនៅទីនោះដែរ តែមិនហ៊ានរាយការណ៍ទប់ស្កាត់សកម្មភាពអ្នកលួចដឹកឱសថទាំងយប់នោះទេ ទំនងហាក់ដូចជាខ្លាចអំណាចអ្វីមួយ ។ ដល់ពេលគេស្រាវជ្រាវដោយសម្ងាត់ទើបដឹងថា អ្នកយាមនិងអ្នកប្រចាំការនៅទីនោះ ខ្លាចអំណាចគេមែន ដោយគេបានដឹងថា អ្នកដែលចូលលួចដឹកឱសថទាំងយប់នោះ មិនមែនជាមនុស្សធម្មតាទេ គឺគេស្គាល់ថាគាត់ មានសមាសភាពខ្សែវល្លិ៍អ្នកមានអំណាចក្នុងខេត្ត ។
ក្នុងខណៈពេលនោះ មានលោកហេង រតនា ជាអ្នកកាន់ឃ្លាំងឱសថ ក៏នៅទីនោះដែរ ។ នាយប់ធ្វើសកម្មភាពនោះ គេឃេើញមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ី ពណ៌ខ្មៅ មានពាក់ស្លាកលេខ២I៧៣៧២ សំរាប់ដឹកឱសថនោះប្រមាណជា៣០កេះ យកចេញទៅបាត់មិនដឹងយកទៅទីណាទេ ទំនងចូលឱសថស្ថានផ្ទាល់ខ្លួនគាត់ហើយមើលទៅ ។
បើតាមប្រភពបានបង្ហើបឱ្យដឹងថា ខណៈមុនពេលចូលដឹកឱសថនោះ ត្រូវបានគេដឹងថា ឈ្មោះលុយ ទីនេះ បានហៅអ្នកកាន់ឃ្លាំងឱសថទៅផឹកស៊ីនៅហាងមួយ តែអ្នកកាន់ឱសថនោះមិនទៅទេ ទើបលោកលុយ ទី បានយកស្រាបៀ និងគ្រឿងក្លែម មកផឹកស៊ី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនោះតែម្តង ។
ល៕ដល់ពេលក្រុមអ្នកចូលរួមផឹកស៊ីនោះស្រវឹងគ្រប់ៗគ្នា ពួកគាត់ក្រុមលោកលុយ ទី ឡើងទម្លាក់ឱសថដាក់ខ្សែរសំរូតចុះដីលើកដាក់រថយន្តរបស់គាត់ ដឹកចេញដោយរំភើយផាយផាត់ មិនខ្ចីខ្វល់គ្រាន់តែប្រើពាក្យថា ខ្ចីឱសថសិន ដោយពុំបានឆ្លងកាត់ច្បាប់អនុញាត្តត្រឹមត្រូវពីរដ្ឋបាលឡើយ ។
ហើយលោកអ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រាប់តាមទូរស័ព្ទថា រូបលោកពិតជាទទួលស្គាល់ថា គឺមានគេចូលលួចឱសថក្នុងឃ្លាំងពិតប្រាកដមែន ហើយលោកក៏ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចអស់ហើយ ហើយលោកបន្តថា បើសមត្ថកិច្ចស្រាវជ្រាវទៅឃើញយ៉ាងណានោះ ស្រេចលើតែចំណាត់ការណ៍របស់សមត្ថកិច្ចទៅចុះ។
ចែករំលែកព័តមាននេះ