ចាប់តាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១៥ ប្រទេសកម្ពុជាបានទទួលកំណើនសេដ្ឋកិច្ច ប្រមាណជា៧ភាគរយនៅក្នុងមួយឆ្នាំ ។ ប៉ុន្តែកំដៅនយោបាយ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ អាចនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនេះដែរឬទេ?
ធនាគារពិភពលោកបានព្យាករណ៍ថា នៅឆ្នាំ២០១៦ នេះ ប្រទេសកម្ពុជាប្រហែលជាមានកំណើនផលិតផលក្នុងស្រុកសរុបចំនួន៦,៩ភាគរយ។
ប៉ុន្តែស្ថានភាពអាកាសធាតុអាក្រក់ខ្លាំង ត្រូវគេបារម្ភថាអាចនឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ដោយសារតែវាធ្វើឱ្យប៉ះពាល់ដល់កំណើនកសិកម្ម ដែលជាផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ។
ការព្រួយបារម្ភ ដែលវែងឆ្ងាយជាងនេះ វាប្រហែលជាមិនមែនភាពរាំងស្ងួត និងកំដៅខ្លាំងដែលបណ្តាលមកពីអាកាសធាតុនោះឡើយ ។ វាគឺជាកំដៅនយោបាយ ដែលបណ្តាលមកពីភាពតានតឹងដែលកើតមានរវាងអ្នកនយោបាយ និងអ្នកនយោបាយនៅក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ។
កម្ពុជាអាចទទួលបានកំណើនសេដ្ឋកិច្ចប្រមាណជ៧ភាគរយកន្លងមក ក្នុងរយ:ពេលប្រាំឆ្នាំចាប់តាំងពីឆ្នាំ២០១១មក ដោយសារតែកម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ ដែលអាចផ្តល់ការជឿទុកចិត្តដល់អ្នកវិនិយោគ ដើម្បីមកបណ្តាក់ទុននៅកម្ពុជា។
ដូច្នេះ ភាពតានតឹងនយោបាយនឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណានោះ វានឹងចំណុះទៅលើការពិតដែលថា តើវានឹងប៉ះពាល់កម្រិតណាដល់សន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ។
ដរាបណា អ្នកនយោបាយប្រកួតប្រជែងគ្នាដោយយុត្តិធម៌ និងក្រោមដំបូលនៃច្បាប់ដោយមិនបង្កជាជម្លោះហិង្សា ដោយធ្វើឱ្យប៉ះពាល់ស្ថិរភាពយោបាយនោះ ភាពតានតឹងនយោបាយនឹងមិនធ្វើអោយប៉ះពាល់កំណើនសេដ្ឋកិច្ចកម្ពុជាទេ ។
ប៉ុន្តែផ្ទុយមកវិញ បើពួកគេគិតខ្លី ហើយប្រែក្លាយភាពតានតឹងឱ្យទៅជាជម្លោះហិង្សា និងប៉ះពាល់ស្ថិរភាពនយោបាយនោះ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារតែអ្នកវិនិយោគមិនអាចទុកចិត្តអំពីស្ថិរភាពនយោបាយកម្ពុជាហើយពួកគេញញើតនៅក្នុងការបណ្តាក់ទុននៅកម្ពុជា ។
ដូច្នេះ វាចាំបាច់ណាស់ ដែលអ្នកនយោបាយប្រកួតប្រជែងគ្នា តាមរបៀបមួយដែលធានាដល់ស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាឱ្យបាន ដើម្បីផលប្រយោជន៍ជាតិជាធំ ។
ចែករំលែកព័តមាននេះ