ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យ៉ាងហោចណាស់ មនុស្ស៧នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាល២៩នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឱ្យរន្ធត់ រវាងរថយន្តក្រុងរបស់ក្រុមហ៊ុន (ជី អេស) បុកជាមួយរថយន្តប្រភេទយីឌុបធុនធំ កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២៣ មេសា ២០១៦ នេះ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
ប្រភពឱ្យដឹងថា ជំហានដំបូងគេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះដែលស្លាប់ និងរងរបួសនោះទេ ខណៈត្រូវគេបញ្ជូនទៅសង្គ្រោះភ្លាមៗ គ្រាន់តែដឹងថា ភាគច្រើនគឺជាអ្នកជិះក្នុងរថយន្តក្រុង ។ រថយន្តក្រុងខាងលើ ពាក់ស្លាកលេខភ្នំពេញ ៣D-3906 ធ្វើដំណើរពីភ្នំពេញ ទៅខេត្តបាត់ដំបង ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកជាមួយរថយន្តយីឌុបខាងលើនោះ ក្នុងទិសដៅបញ្ច្រាសគ្នា ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះអន្តរាគមន៍ និងរកសាកសពជនរងគ្រោះចេញពីរថយន្តដែលកៀបសង្កត់នោះ ។
ចែករំលែកព័តមាននេះ