ទើបរៀបការជាង២ខែ ជិះម៉ូតូឌុបគ្នាទៅយកអីវ៉ាន់បងប្អូនផ្ញើពីបរទេស ស្រាប់តែជួបគ្រោះអកុសលជិតវត្តស្លែង ស្លា.ប់ប្រពន្ធ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធ១គូទើបតែរៀបការរួចបានរយៈពេលជាង២ខែប៉ុណ្ណោះ ហើយបានជិះម៉ូតូ១គ្រឿងឌុបគ្នាចេញពីខេត្តកំពត មករាជធានីភ្នំពេញ ដើម្បីយកអីវាន់ដែលបងប្អូនផ្ញើមកពីបរទេស ។ ប៉ុន្តែជាអកុសលត្រូវរថយន្ត១គ្រឿងម៉ាកLAND ROVER DEFENDER បុកពីក្រោយ បណ្ដាលឲ្យធ្លាក់ប្រពន្ធនៅលើផ្លូវ ស្របពេលនោះស្រាប់តែមានរថយន្តដឹកទំនិញ១គ្រឿងទៀតទៅដល់កិនប្រពន្ធស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៣ ជិតវត្តស្លែង ស្ថិតនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានឱ្យដឹងថា អ្នកបើកបរបររថយន្តម៉ាកLAND ROVER DEFENDER ដែលបុកម៉ូតូប្ដីប្រពន្ធខាងលើពីក្រោយបង្កឲ្យមានគ្រោះថ្នាក់នោះឈ្មោះគ្រី ប៉ែងហុង ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយឡែកអ្នកបើកបរបររថយន្តម៉ាក HYUNDAI ដឹកទំនិញដែលកិននាងជាប្រពន្ធស្លាប់នោះឈ្មោះ ផន ភា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងកកើ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ស្ត្រីរងគ្រោះជាប្រពន្ធដែលស្លាប់បាត់បង់ជីវិតខាងលើនោះឈ្មោះ សឿង ចន្ធី អាយុ៤២ឆ្នាំ ចំណែកបុរសជាប្ដីឈ្មោះង៉ែត កុយ អាយុ៤៣ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ។
បុរសជាប្ដីបាននិយាយថា គាត់និងប្រពន្ធទើបតែរៀបការជាមួយគ្នាបានជាង២ខែប៉ុណ្ណោះ ដោយប្រពន្ធគាត់មានស្រុកកំណើតនៅខេត្តកណ្ដាល សព្វថ្ងៃរស់នៅឯខេត្តកំពតជាមួយគាត់ ។ ដោយឡែកនៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា វ៉េវ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1 AX-4693 ឌុបប្រពន្ធចេញពីផ្ទះនៅឯខេត្តកំពត មករាជធានីភ្នំពេញ ដើម្បីយកអីវ៉ាន់ដែលបងប្អូននៅក្រៅប្រទេសផ្ញើមកឲ្យ ។
បុរសនោះបាននិយាយបន្តទៀតថា ពួកគាត់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងមកជើង លុះពេលមកដល់ម្តុំវត្តស្លែង ក៏មានរថយន្ត១គ្រឿងម៉ាកLAND ROVER DEFENDER ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2BT-5577 បុកពីក្រោយម៉ូតូរបស់គាត់ ។ ខណៈនោះបានបណ្តាលឲ្យប្រពន្ធគាត់ធ្លាក់ពីលើម៉ូតូ ហើយហើយគាត់ជ្រុលទៅមុខច្រើនម៉ែត្រទើបដួល ហើយស្របពេលនោះ ក៏មានរថយន្តដឹកទំនិញ១គ្រឿងទៀតពណ៍សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3D-7242 បើកបរស្របទៅដល់កិនប្រពន្ធគាត់ បណ្ដាលឲ្យនាងស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលពងទឹកសហការណ៍ជាមួយកម្លាំងផ្នែកនគរបាលចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចុះទៅធ្វើការពិនិត្យនិងវាស់វែង ព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តទាំង២គ្រឿងខាងលើ រួចនាំយកទៅធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ