ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ទាក់​ដៃចង្កូត​គ្នា​ដួ.ល​ខ្ទា.ត​លើ​ផ្លូវត្រូវ​ឡាន​លាយ​បេតុង​កិ.នស្លា.ប់​ម្នាក់​ របួ.សធ្ងន់​ម្នាក់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យុវជន​ជា​កម្មករ​រោងចក្រ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​ស្ត្រី​ម្នាក់​វ៉ា​ជែង​យានយន្ត​នៅ​ខាង​មុខ​ក៏​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត បណ្ដាល​ឲ្យ​ដួល​ខ្ទាត​លើ​ផ្លូវ ស្រប​ពេល​នោះ​មាន​រថយន្ត​លាយ​បេតុង​១​គ្រឿង​ទៅ​ដល់ ក៏​បាន​កិន បណ្ដាល​ឲ្យ​យុវជន​នោះ​ស្លាប់ ចំណែក​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ​របួសធ្ងន់​។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ខាងត្បូង​រង្វង់​មូល​កួរស្រូវ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យុវជន​ដែល​ស្លាប់​ឈ្មោះ​មឿង ភា​រុន អាយុ​២៥ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជា​ស្ត្រី​រង​របួសធ្ងន់ នៅ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​1JJ-7156 ​ដឹក​ស្ត្រី​ម្នាក់​ពីក្រោយ ។ ខណៈនោះ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​វ៉ា​ជែង​យានយន្ត​នៅ​ខាង​មុខ ហើយ​ក៏​បាន​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​លើ​ផ្លូវ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​លាយ​បេតុង​១​គ្រឿង ព​ណ៍​ស ឆ្នូត​ក្រហម ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 5A-0009 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ទៅ​ដល់ ។ ដោយសារ​តែ​រថយន្ត​កំពុង​លឿន​គួរសម​ដែរ ទើប​គេច​ចេញ​ក៏​មិន​ទាន់ និង​ជាន់​ហ្វ្រាំង​ឈប់​ក៏​មិន​ទាន់ ក៏​ជ្រុល​ទៅ​កិន​យុវជន​ឈ្មោះ​មឿង ភា​រុន បណ្ដាល​ឲ្យ​ខ្ទេច​ខ្លួន​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង ចំណែក​ស្ត្រី​អ្នក​រួម​ដំណើរ​រងរ​បួ​ធ្ងន់ ។

ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា រថយន្ត​លាយ​បេតុង​នោះ​បាន​ឈប់​ស្ងៀម​នៅ​នឹង​កន្លែង​ដោយ​កង់​ក្រោយ​ខាងឆ្វេង​នៃ​រថយន្ត បាន​កិន​ពីលើ​យុវជន​រង​គ្រោះ​ជាប់ រីឯ​ម៉ូតូ​បាន​ជាប់​នៅ​ពីក្រោម​ក្បាល​រថយន្ត​តែ​ម្ដង ។ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ខាងលើ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​កំពឹស ដោយឡែក​អ្នក​រង​របួសធ្ងន់ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ផង​ដែរ ។

បើ​តាម​បុរស​ម្នាក់​ដែល​ត្រូវជា​ឪពុក​របស់​យុវជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​កូនប្រុស​គាត់​រូប​នេះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស​ដោយពេល​ចេញពីផ្ទះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ទេ ។ ប៉ុន្តែ​ក្រោយមក​គាត់​ពុំ​ដឹង​ថា កូន​គាត់​ដឹក​នរណា​ទៀត​ឡើយ បន្ទាប់​ពី​កូន​ចេញពីផ្ទះ​បាន​មួយសន្ទុះ ក៏​ស្រាប់តែ​គាត់​បាន​ទទួល​ដំណឹង​ថា កូនប្រុស​ត្រូវ​រថយន្ត​កិន​ស្លាប់ ពេល​នោះ​គាត់​ក៏​បាន​ទៅ​មើលឃើញ​កូនប្រុស​ស្លាប់​នៅ​ក្រោម​កង់​រថយន្ត​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​កំពឹស និង​កម្លាំង​ផ្នែក​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​សម្រួល​ចរាចរ​នៅ​ត្រង់​ចំណុច​កើតហេតុ​នោះ​មិន​ឲ្យ​កកស្ទះ ព្រោះ​ផ្លូវ​នោះ​មានការ​ធ្វើ​ដំណើរ​យ៉ាង​មមាញឹក បើ​គ្មាន​កា​រស​ម្រួ​ស​ចរាចរ​ទេ​នោះ​និង​មានការ​កកស្ទះ ។ បន្ទាប់​មក​បាន​រាយការណ៍​ជូន​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត​និង​អ្នកបើកបរ ព្រមទាំង​ម៉ូតូ​រង​គ្រោះ​ទៅ​កាន​ការិយាល័យ​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ៕