ខេត្តព្រៃវែង ៖ ផ្លូវចំនួន២ខ្សែក្នុងទីប្រជុំជនអ្នកលឿង គឺផ្លូវលេខ៣១០ និងផ្លូវបេតុងមាត់ទន្លេ កំពុងមានការកកស្ទះខ្លាំងធ្វើអោយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ មានការរអ៊ូរទាំគ្រប់ៗគ្នា។
ការកកស្ទះនេះ ត្រូវបានប្រជាពលរដ្ឋប្រាប់អោយដឹងថា គឺដោយសារតែផ្លូវលេខ៣១០ និងផ្លូវវាងជាប់របងបន្ទាយ A3 ខូចធ្ងន់ធ្ងរពេក ហើយពេលរថយន្តដឹកថ្មដឹកស្រូវធំៗ ប្រភេទវ៉េអង យីឌុប បើកឆ្លងកាត់បានធ្វើអោយរថយន្តទាំងនោះជាប់ផុងរើខ្លួនមិនរួច ទើបធ្វើអោយរថយន្តតូច-ធំដែលនៅពីក្រោយ ត្រូវជាប់គាំងស្ទះទៅណាមិនរួចបែបនេះ។
![Picture]()
អ្នកស្រុកទាំងនោះ បាននិយាយថា ការកកស្ទះបែបនេះ គឺកើតមានជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដែលស្ទះខ្លាំងដូចថ្ងៃនេះទេ ទើបតែថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺកកស្ទះតាំងពីកណ្តាលយប់ថ្ងៃទី១០ បន្តរហូតដល់ម៉ោង១០ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកានេះ នៅតែមិនទាន់បាត់ស្ទះ ហើយក៏មិនដឹងថា នឹងបន្តស្ទះដល់ពេលណាដែរ។
ក្រុមម្ចាស់រថយន្តដឹកស្រូវដែលកំពុងជាប់ផុងរើខ្លួនមិនរួចនោះ ក៏បាននិយាយដែរថា ពេលនេះដល់រដូវប្រមូលផលស្រូវវស្សាហើយ ដែលតាមទម្លាប់រាល់ៗឆ្នាំ ពួកគាត់តែងតែដើរប្រមូលទិញពីកសិករ យកមកលក់អោយឈ្មួញវៀតណាម នៅមាត់ច្រកទ្វាព្រំដែនអន្តរជាតិបន្ទាយចក្រី ហើយការធ្វើដំណើរទៅលក់នៅច្រកនោះ មិនដែលមានបញ្ហារឿងផ្លូវអីទេ ប៉ុន្តែឆ្នាំនេះច្រកចក្រី និងច្រកភាគីខាងវៀតណាមដែលនៅទល់មុខគ្នាគេបិទ ដូច្នេះហើយទើបពួកគាត់ត្រូវបង្ខំចិត្តដឹកស្រូវយកមកលក់នៅច្រកព្រំដែនអន្តរជាតិកោះរកា ក្នុងស្រុកពាមជរវិញ។
![Picture]()
ក្រុមឈ្មួញទាំងនោះបានបញ្ជាក់ថា ផ្លូវទៅច្រកកោះរកានោះ មិនពិបាកទេ ព្រោះគេធ្វើផ្លូវក្រាលកៅស៊ូរួចហើយ គឺពិបាកតែនៅក្នុងទីប្រជុំជនអ្នកលឿងនេះបន្តិបប៉ុណ្ណោះ ព្រោះនៅផ្លូវដី ហើយគាប់ជួនប៉ុន្មានថ្ងៃមកនេះ ភ្លៀងធ្លាក់រាល់ថ្ងៃផង ក៏ធ្វើអោយផ្លូវសើមជ្រាយ ហើយខណៈពេលឡានស្រូវដឹកធ្ងន់បើកឆ្លងកាត់ក៏ផុងជាប់គាំង និងស្ទះបន្តកន្ទុយគ្នាបែបនេះទៅ។
ទាំងក្រុមម្ចាស់រថយន្តដឹកស្រូវដែលជាប់ផុង ក៏ដូចជាប្រជាពលរដ្ឋផ្សេងៗទៀតនៅក្នុងតំបន់អ្នកលឿងនេះ បានសំណូមពរដល់មន្ទីរជំនាញសាធារណការខេត្ត មេត្តាជួយជួសជុលផ្លូវនេះឡើងវិញផង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កុំអោយមានការកកស្ទះបែបនេះទៀត ពិបាកខ្លាំងណាស់ ខាតទាំងពេលវេលា ខាតទាំងប្រេងសាំង។
![Picture]()
ដោយឡែកខាងអាជ្ញាធរវិញ ក៏បានអោយដឹងថា ផ្លូវនេះពីមុនមិនសូវខូចខាតប៉ុន្មានទេ ប៉ុន្តែចាប់តាំងពីមានឡានស្រូវដឹកទៅច្រកកោះរកា ១ថ្ងៃៗរាប់រយគ្រឿង និងឡានត្រីដឹកពីវៀតណាមតាមច្រកកោះរកា ចូលមក១ថ្ងៃៗពី៥០ទៅ៦០គ្រឿងទៀតនោះ ក៏បានធ្វើអោយផ្លូវនេះខូចកាន់តែធ្ងន់ធ្ងរ ហើយខាងមន្ត្រីជំនាញក៏បានលើកគំរោងជួសជុលឡើងវិញដែរ ប៉ុន្តែគំរោងធ្លាក់ថវិកា និងចាប់អនុវត្តបាននៅឆ្នាំ២០២២។
បើតាមការអោយដឹងពីមន្ត្រីប្រចាំការនៅមាត់ច្រកកោះរកានោះវិញ បានអោយដឹងថា បច្ចុប្បន្ន ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា មានទំនិញដឹកចេញចូលឆ្លងកាត់តែ២មុខប៉ុណ្ណោះ ទី១ គឺស្រូវប្រជាពលរដ្ឋ ដែលដឹកយកទៅលក់អោយឈ្មួញវៀតណាម និងទី២ គឺត្រីចិញ្ចឹមរបស់វៀតណាម ដែលដឹកយកទៅលក់នៅលើទីផ្សារស្រុកខ្មែរ ហើយត្រីចិញ្ចឹមទាំងនោះមានដូចជា ត្រីអណ្តែង ត្រីឆ្តោ និងត្រីភ្ទក់ជាដើម៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ