ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង លើផ្លូវជាតិលេខ៣ បើបំពានរងការពិន័យធ្ងន់ធ្ងរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ ១០​ទីតាំង និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប លើ​ផ្លូវជាតិ​លេខ​៣ កំពុង​ត្រូវ​បាន​ដំឡើង​ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ ១០​ទីតាំង និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប លើ​ផ្លូវជាតិ​លេខ​៣ កំពុង​ត្រូវ​បាន​ដំឡើង​ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ។

ក្នុង​ន័យ​នេះ អ្នក​កាន់​ច​ង្កួ​ត​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ពិនិត្យ​មើល​ល្បឿន​ពេល​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ ៣ ពិសេស​បងប្អូន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​កែប ឬ​កំពត តោង​គោរ​ច្បាប់​ចរាចរណ​ណ៍​និង​បើកបរ​ក្នុង​ល្បឿន​ដែល​ច្បាប់​បាន​កំណត់ មិន​ដូច្នេះ​ទេ អ្នក​អាច​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​រង​ការ​ផាកពិន័យ​ទឹកប្រាក់​ជា​ច្រើន បើសិន​ល្មើស​បើកបរ​ក្នុង​ល្បឿន​ហួសកំណត់ ។

ជុំវិញ​ការ​តំឡើង​កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ ១០​ទីតាំង និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប លើ​ផ្លូវជាតិ​លេខ​នេះ​ផង​ដែរ កាលពី​ថ្ងៃ​ទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៣ បាន​ដឹកនាំ​គណៈប្រតិភូ​ដែល​រួម​មាន​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​និង នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តំណាង​អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CBRC) និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប ដែល​គ្រោង​នឹង​ដាក់​ដំណើរការ​ឆាប់​ៗ​នេះ​។

កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ​ទាំង ១០​ទីតាំង​ត្រូវ​បាន​ចាប់ផ្តើម​ដំឡើង​ចាប់ពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចោម​ចៅ​-​កំពត ដែល​មាន​ប្រវែង​សរុប​១៣៥​គីឡូម៉ែត្រ ក្នុង​នោះ​ពី​ចោម​ចៅ​ដល់​បែក​គូស​ជា​ផ្លូវ ៤​គន្លង​មាន​ចំនួន​៤​ទីតាំង និង​កំណាត់​ផ្លូវ​ពី​បែក​គូស​ទៅ​ទីរួមខេត្ត​កំពត ជា​ផ្លូវ​២​គន្លង មាន​ចំនួន ៦​ទីតាំង​។ ចំណែក​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប​ពីរ​ទីតាំង​ត្រូវ​បាន​ដំឡើង​នៅ​ត្រង់​ចំណុច​វត្ត​ស្លែង និង​ផ្សារ​អង្គតាសោម ដែល​ភ្លើង​សញ្ញា​ចរាចរណ៍​ទាំង​ពីរ​ទីតាំង​បំពាក់​នូវ​ប្រព័ន្ធ​Wireless សម្រាប់​ភ្ជាប់​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ និង​ធ្វើការ​បញ្ជា​ដំណើរការ​តាម​ទូរ​សព្ទ​ដៃ ព្រមទាំង​បំពាក់​នូវ​ប្រព័ន្ធ​សូ​ឡា​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​សម្រាប់​ផ្គត់ផ្គង់​អគ្គី​ស​នី​។

ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​បាន​បញ្ជាក់​ថា «​ការ​ដាក់​កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប​ទាំងនេះ ក្នុង​គោលបំណង តាមដាន ការពារ​សុវត្ថិភាព និង​សម្រួលការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លើ​ផ្លូវជាតិ​លេខ​៣» ។ ដែល​ក្នុង​នោះ អគ្គស្នងការ​នគរបាល​ជាតិ​នឹង​គ្រប់គ្រង​រាល់​សកម្មភាព និង​ប្រតិបត្តិការ​របស់​កាមេរ៉ា​ចាប់​ល្បឿន​ទាំង ១០​ទីតាំង ទាំង​ការ​គ្រប់គ្រង​ទិន្នន័យ និង​ការ​ពិន័យ​បទល្មើស​ផង​ដែរ​។

អ្វី​ដែល​ពិសេស​នោះ គឺ កាមេរ៉ា​ចាប់​ល្បឿន​ទាំងនេះ​អាច​ឱ្យ​មន្ត្រី​ជំនាញ​ដឹង​នូវ​ល្បឿន​របស់​រថយន្ត ពណ៌ ប្រភេទ និង​ស្លាក​លេខ​រថយន្ត អ្នកបើកបរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ការពារ និង​ប្រើ​ទូរ​សព្ទ​ពេល​បើកបរ​។ មុន​នឹង​ដាក់​ប្រើប្រាស់​ផ្លូវការ អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ខិតខំ​អប់រំ​ផ្សព្វផ្សាយ ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បានដឹង​អំពី​ច្បាប់​ចរាចរណ៍ និង​ការ​ដាក់​កាមេរ៉ា​ចាប់​ល្បឿន ហើយ​អាជ្ញាធរ​នឹង​បំពាក់​ផ្លា​ក​សញ្ញា​ជូនដំណឹង​ដល់​អ្នកបើកបរ​យ៉ាងតិច​១​គីឡូម៉ែត្រ​មុន​ដល់ទី​តាំង​កាមេរ៉ា​ចាប់​ល្បឿន​។

កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ​ទាំង​១០​ទីតាំង នឹង​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ បន្ទាប់​ពី​ទទួល​បានការ​ឯកភាព​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ច​រា​រណ៍​ផ្លូវគោក និង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ចំណែក​ភ្លើងស្តុប​ចរាចរណ៍​ទាំង​ពីរ​ទីតាំង​ត្រូវ​បាន​ដាក់​ដំណើរការ​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​តទៅ​។

យោង​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​បាន​បញ្ជាក់​ថា ល្បឿន​កំណត់​អតិបរមា នៅ​ទីប្រជុំជន គឺ ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ក្រៅ​ទីប្រជុំជន គឺ​ល្បឿន ៨០ គី​ឡួ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ករណី​បំពាន​ល្បឿន​ដែល​បាន​កំណត់ លោក​អ្នក​នឹង​ប្រឈម​ការ​ផាកពិន័យ​ចន្លោះ​ចាប់ពី ១២ ម៉ឺន​រៀល ដល់ ៣០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ