បំបែកសំណុំរឿងឃាតក.ម្មដោយគំនុំ ចាប់ខ្លួនជនសង្ស័យ៥នាក់
ខេត្តបាត់ដំបង ៖ ក្រោយពីបើកការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវអស់រយៈពេលជាង១០ថ្ងៃ លើសំណុំរឿងសាកសពបុរសម្នាក់
ខេត្តបាត់ដំបង ៖ ក្រោយពីបើកការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវអស់រយៈពេលជាង១០ថ្ងៃ លើសំណុំរឿងសាកសពបុរសម្នាក់
ខេត្តបាត់ដំបង ៖ ក្រោយពីបើកការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវអស់រយៈពេលជាង១០ថ្ងៃ លើសំណុំរឿងសាកសពបុរសម្នាក់ ដែលត្រូវគេសម្លាប់ចោលក្នុងចំការដីឡូមួយកន្លែង នៅក្នុងភូមិ វត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ជាបន្តបន្ទាប់ ហើយនៅរសៀលថ្ងៃទី២១ ខែមេសា សមត្ថកិច្ចបាននាំជនសង្ស័យទាំង៥នាក់នេះទៅកាន់កន្លែងកើតហេតុ ដើម្បីឲ្យធ្វើត្រាប់ឡើង វិញអំពីសកម្មភាពសម្លាប់ជនរងគ្រោះ។
បើតាមរបាយការណ៏របស់អធិការដ្ធាននគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នោះ ១-ឈ្មោះ រ៉េត រឿត អាយុ២៥ឆ្នាំ ជាប្អូនថ្លៃជនរងគ្រោះ ២-ឈ្មោះ វឿត វិបុល អាយុ១៧ឆ្នាំ ២នាក់នេះជាជនដៃដល់ ៣-ឈ្មោះសឺន ដេត អាយុ១៨ឆ្នាំ ៤-ឈ្មោះអែម អាង អាយុ២៣ឆ្នាំ និង៥-ឈ្មោះវុធ ដារិទ្ធ អាយុ១៧ឆ្នាំ ៣នាក់នេះជាអ្នកផ្សំគំនិត រីឯជនរងគ្រោះឈ្មោះ ឈាង បណ្ដូល អាយុ២៧ឆ្នាំ ពួកគេរស់នៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ជាមួយគ្នា។ របាយការណ៏ដដែលបាន បញ្ជាក់ថា ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង និងកម្លាំងព្រហ្ម ទណ្ឌ នៃស្នងការខេត្ត ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបើកការស៊ើបអង្កេត អស់រយៈពេលជាង១០ថ្ងៃ។
ជនដៃដល់ឈ្មោះរ៉េត រឿត ដែលជាប្អូនថ្លៃជនរងគ្រោះបាន និយាយថា ខ្លួនបានសម្លាប់បងថ្លៃឈ្មោះឈាង បណ្ដូល តាំងពីយប់ថ្ងៃទី២៩ ខែមិនា កន្លងទៅក្រោយពីផឹកស៊ីស្រវឹង ដោយឌុបតាមម៉ូតូយកទៅមួល កសម្លាប់នៅក្នុងចំការដីឡូ ខាងលើ ។ ជននេះនិយាយថា មូលហេតុដែលខ្លួនសម្លាប់បងថ្លៃ ដោយសាររឿងគំនុំ ដែលបងថ្លៃរូបនេះបង្កជម្លោះជាមួយប្រពន្ធខ្លួន ហើយបានវាយតប់ជាមួយខ្លួនទៀត។ ដូច្នេះហើយទើបនៅយប់កើតហេតុ ខ្លួននិងឈ្មោះ វឿត វិបុល ឌុបបងថ្លៃឈ្មោះបណ្ដូល យកទៅសម្លាប់ចោលក្នុងចំការដីឡូដែលគ្មានម្ចាស់នេះតែម្ដងទៅ។ ប៉ុន្តែឈ្មោះវឿត វិបុល វិញក៏បានសារភាពដែរថា ខ្លួនពិតជាបានអង្គុយអោបជនរងគ្រោះយកទៅសម្លាប់ចោលនៅ ចំណុចខាងលើមែន តែខ្លួនមិនបានសម្លាប់ផ្ទាល់ដៃទេ គឺឈ្មោះរ៉េត រឿត ជាអ្នកអូសជនរងគ្រោះយកទៅសម្លាប់ រីឯខ្លួនឈរចាំម៉ូតូនៅលើថ្នល់។
លុះបន្តិចក្រោយមកឈ្មោះរឿត ដើរចេញមកវិញឃើញអាវប្រឡាក់ឈាម តែឈ្មោះរឿត បានដុតអាវនោះចោលក្រោយ ចេញពីកន្លែងកើតហេតុ។ ដោយឡែកជនសង្ស័យ៣នាក់ទៀតដែលសមត្ថកិច្ចចោទថា ជាអ្នកផ្សំគំនិតពួកគេបានឆ្លើយថា ពួកខ្លួនមិនបានប្រព្រឹត្តទេ តែពួកខ្លួនបានដឹងរឿងនោះ។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៩ ខែមេសាអ្នកភូមិបានប្រទះឃើញសាកសពបុរសម្នាក់ ហើមស្អុយរលូយ នៅក្នុងរោងចំការដីឡូមួយកន្លែង នៅក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ សាកសពនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ហើយសមត្ថកិច្ចក៏បាន យកសាកសពនោះទៅកប់នៅក្នុងវត្តរំដួល ដើម្បីរងចាំសាច់ញាតិមកទទូល តែប៉ុន្មានថ្ងៃ ក្រោយ ទើបសមត្ថកិច្ចស្វែងរកសាច់ញាតិឃើញ និងឈានដល់ការវែកមុខជនដៃដល់បាន ចំនួន៥នាក់ ជាបន្តបន្ទាប់ ក្រោយពីមានការបំភ្លឺពីសាច់ញាតិ និងតាមរយៈឆែកលេខទូរស័ព្ទ ជនរងគ្រោះ។
លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានថ្លែងជុំវិញករណីនេះ ថា កម្លាំងជំនាញរបស់ស្នងការខេត្ត និងកម្លាំងនគរបាលក្រុងបាត់ដំបង បានប្រឹងប្រែងយ៉ាង ខ្លាំង ក្នុងការស៊ើបអង្កេតលើសំណុំរឿងឃាតកម្មបិទមុខនេះ ក្រោមការបញ្ជាផ្ទាល់ពីលោក ស្នងការខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទម្រាំបំបែកសំណុំរឿងនេះបាន។ លោកស្នងការរងបានបញ្ជាក់ថា ជនដៃដល់ និងជនផ្សំគំនិតបានគេចខ្លួនទៅកាន់កន្លែង ផ្សេងៗគ្នាក្រោយពី សម្លាប់មនុស្ស។ លោកថា ខ្លះគេចទៅធ្វើកម្មករនៅតាមបណ្ដាស្រុក ជាប់ព្រំដែន និងខ្លះទៀតសម្ងំនៅផ្ទះ តែត្រូវកម្លាំងជំនាញធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនបានទាំងអស់ ហើយពេលនេះមន្ត្រីជំនាញកំពុងសួរនាំកសាងសំណុំរឿងបញ្ជូន ទៅ តុលាការហើយ៕
ចែករំលែកព័តមាននេះ