ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត បានធ្វើការឃាត់ខ្លួនបុរសម្នាក់ជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី បន្ទាប់ពីដកកាំភ្លើងគំរាមរកបាញ់ទៅលើពលរដ្ឋម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវតុលាការខេត្តសម្រេចបង្វែរសំណុំរឿង ទៅឱ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្តវិញ ។
ប្រភពឱ្យដឹងថា ជនបង្កឈ្មោះឡេង តាំងគួយ អាយុ៣៩ឆ្នាំ ជាមេបញ្ជារការកងរាជអាវុធហត្ថស្រុកបន្ទាយស្រី មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ចំណែកភាគីខាងជនរងគ្រោះឈ្មោះម៉ន ហេង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
គួររំលឹកថា ហេតុការណ៍ឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិនោះបានកើតឡើង កាលពីល្ងាចថ្ងៃទី១៧ មេសា ២០១៦ ស្ថិតនៅចំណុចភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា ជុំវិញរឿងករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារភាគីទាំងសងខាងបានជិះម៉ូតូស្របទិសគ្នា (ពីកើតមកលិច) ខណៈនោះ ខាងម៉ូតូពលរដ្ឋបានបត់ចូលផ្ទះមិនបានស៊ីញ៉ូ ហើយខាងជនបង្កជាប៉េអឹម ក៏មកដល់ជាន់ហ្វ្រាំងមិនទាន់ ដួលបោកទៅម្ខាងដោយខ្លួនឯង រួចក៏បានដកកាំភ្លើងខ្លីគំរាមបាញ់ទៅលើជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងជោក ។ សាក្សីបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ ត្រូវកម្លាំងប៉ូលិសមកដល់ រួចនាំយកទៅកាន់ប៉ុស្តិ៍នគរបាលឃុំព្រះដាក់ ដើម្បីសួរនាំតែម្តង ។
បើតាមជនរងគ្រោះរៀបរាប់ថា លោកមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះខាងប៉េអឹមបាននិយាយថា រកបាញ់រូបគាត់ ដោយសារតែរឿងបើកម៉ូតូប៉ះគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ។ លោកបន្តថា ករណីនេះ លោកសុំសំណូមពរទៅខាងស្ថាប័នច្បាប់ មេត្តាជួយចាត់ការទៅលើជនបង្កផង ព្រោះរូបគាត់មិនចង់បានសំណងអ្វីនោះទេ គឺគ្រាន់តែចង់ឱ្យអ្នកច្បាប់ចាត់ការ ឱ្យបានរាងចាល ។
ចែករំលែកព័តមាននេះ