ខេត្តសៀមរាប ៖ មន្ត្រីយោធាកងវិស្វកម្មម្នាក់ បានទៅផឹកស៊ីនៅហាង (ស្នាដៃម៉ែក្មេក៥) កាលពីយប់ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានការទាស់ពាក្យសម្ដីជាមួយសង្សារ ក៏ផ្ទុះអាវុធ បាញ់ផ្ចុកដី ០១គ្រាប់ ហើយនាំគេចខ្លួនបាត់អស់ តែទោះជាយ៉ាងណា នារសៀលថ្ងៃទី០៤ ខែវិច្ឆិកានេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្តសៀមរាប បានស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួន មន្ត្រីយោធានោះនាំមកអនុវត្តច្បាប់វិញ ។
ជនសង្ស័យមានឈ្មោះ កែវ វី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាមន្តីយោធា នៃកងវិស្វកម្មក្រសួងការពារជាតិ ដែលមានអាស័យដ្ឋាននៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមសេចក្តីរាយការបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មន្ត្រីយោធាម្នាក់នោះ បាននាំសង្សារទៅផឹកស៊ីនៅភោជនីដ្ឋាន ស្នាដៃម៉ែក្មេក៥ ស្ថិងក្នុងភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ។ លុះដល់ពេលផឹកស្រវឹង ពេលយប់ជ្រៅបន្តិច ក៏មានទំនាស់ពាក្យសម្ដីជាមួយសង្សារ ហើយបានចេញទៅមុខហាង ក្បែរកន្លែងចតម៉ូតូ មន្ត្រីយោធានោះ ដកកាំភ្លើងខ្លីម៉ាក G Lock19 ពីចង្កេះ បាញ់ផ្ចុកដី១គ្រាប់ ហើយឡើងជិះរថយន្ត ជាមួយមិត្តភក្តិគេចខ្លួន ចំណែកនារីជាសង្សារ ក៏បានជិះម៉ូតូ តាមក្រោយចេញទៅបាត់ដែរ ។
ក្រោយហេតុការណ៍នោះកើតឡើង កម្លាំងសមត្តកិច្ចនគរបាលជំនាញ បានចុះទៅដល់ នឹងបានធ្វើកំណត់ហេតុ រួមទាំងចាប់យកវត្ថុតាង (សំបកគ្រាប់) ចំនួន១ ។ ដោយមាន បទបញ្ជាពីឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តសៀមរាប កម្លាំងជំនាញព្រហ្មទណ្ឌ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនមន្ត្រីយោធានោះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៍ ឈ្មោះ កែវ វី បានសារភាពថា រូបគេជាទាហ៊ាន នៅកងវិស្មកម្មក្រសួងការពារជាតិ ដោយចុះបេសកកម្ម មកធ្វើផ្លូវ ក្នុងខេត្តសៀមរាប បានរយៈពេល០៣ថ្ងៃហើយ ។ នៅយប់ថ្ងៃកើតហេតុ រូបគេ និងសង្សារ ឈ្មោះ ឈួន ចាន់ឌឿន ហៅនី អាយុ២៧ឆ្នាំ បានជិះម៉ូតូទៅផឹកស៊ីជា មួយមិត្តភក្តិ នៅហាងម៉ែក្មែក៥ ក្នុងខេត្តសៀមរាប លុះដល់ពេលយប់ជ្រៅបន្តិច គេក៏បានចេញពីផឹកស៊ីវិញ ដើរទៅកន្លែងចតម៉ូតូ ក្នុងបំណងជិះទៅដេក ពេលនោះ គេក៏បានហៅសង្សារឲ្យឡើងជិះម៉ូតូ ប៉ុន្តែសង្សារមិនព្រមជិះទៅជាមួយទេ ទើបកើតមានទំនាស់ពាក្យសម្តីនឹងគ្នា បណ្តាលឲ្យខ្លួនខឹង ដកកាំភ្លើងខ្លី ពីចង្កេះបាញ់១គ្រាប់ផ្ទុកទៅដី រួចជិះរថយន្តម៉ាកឡិចស៊ីស ជាមួយមិត្តភក្តិចេញទៅ ចំណែកសង្សារគាត់ បានជិះម៉ូតូចេញទៅបាត់ដែរ ៕


ចែករំលែកព័តមាននេះ