ខេត្តព្រៃវែង ៖ ក្រុមមនុស្សជាច្រើននាក់ បាននាំគ្នាចោមរោមមើលយ៉ាងកកកុញ បន្ទាប់ពីឃើញលោក មាស ឆន មេភូមិ១ និងប្រពន្ធកូននាំគ្នារុះរបាំងដែក ដែលជប៉ុនធ្វើអមសងខាងផ្លូវឡើងស្ពានអ្នកលឿងចោល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៨ មេសា ២០១៦ នេះ ។
លោកមាស ឆន មេភូមិ១ ក្នុងឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង បានឱ្យដឹងថា ពួកគាត់នាំគ្នារុះរបាំងដែកនេះចេញ ព្រោះរបាំងនេះ បាំងបិទផ្លូវមុខផ្ទះរបស់គាត់ ធ្វើឱ្យពួកគាត់គ្មានផ្លូវចេញ-ចូលបានទេ ហើយគ្រួសារគាត់បានស្នើសុំទៅខាងជប៉ុនហើយ ថា ឱ្យទុកចន្លោះតូច១ សំរាប់ឱ្យពួកគាត់អាចចេញ-ចូលបានផង ប៉ុន្តែគេនៅតែបិទជិតឈឹងដដែល ។
លោកមេភូមិរូបនេះបានបន្តថា រឿងនេះគាត់ក៏បានស្នើសុំទៅខាងមេឃុំ និងអភិបាលស្រុកដែរ គឺសុំឱ្យជួយអន្តរាគមន៍ទុកផ្លូវឱ្យគាត់ចូលផ្ទះផង ប៉ុន្តែលោកអភិបាលស្រុកប្រាប់ថា ឱ្យគេដាក់សិនទៅ តែបើគេដាក់ហើយឱ្យគ្រួសារគាត់ចេញ-ចូលតាមផ្លូវណា។ ដោយសារតែគ្មានដំណោះស្រាយបែបនេះ ទើបគាត់និងប្រពន្ធកូន នាំគ្នារុះរបាំងដែកនេះចេញដោយខ្លួន ទោះបីដឹងថា ធ្វើបែបនេះវាខុស តែគាត់គ្មានជម្រើសទេ ។
លោកមេភូមិបានបញ្ជាក់ថា គាត់និងក្រុមគ្រួសារ បានមករស់នៅជាប់នឹងផ្លូវជាតិលេខ១នេះ តាំងពីឆ្នាំ១៩៩១មកម្ល៉េះ ហើយពេលគេធ្វើផ្លូវឡើងស្ពាននេះ គេបានសង់ជាសំណស់សំរាប់ផ្ទះដែលប៉ះពាល់នៅសងខាងផ្លូវនេះហើយ រួមទាំងផ្ទះរបស់គាត់ដែរ ហើយគាត់ក៏បានខិតផ្ទះទៅក្រោយផុតពីថ្នល់និងដីដែលប៉ះពាល់ហើយដែរ ប៉ុន្តែដោយសារតែផ្លូវថ្មីនេះគេធ្វើខ្ពស់ស្ទើស្មើដំបូលផ្ទះរបស់គាត់ ហើយព័ទ្ធបាំងជិតមុខផ្ទះគាត់ទៀត ធ្វើអោយគាត់គ្មានផ្លូវណាផ្សេងសំរាប់ចេញចូលនោះទេ ។ សព្វថ្ងៃគ្រួសារគាត់បានដាក់កាំជណ្តើរដែក សំរាប់ដើរឡើងទៅលើផ្លូវ ឥឡូវនេះគេមកធ្វើរបាំងដែកបិទជិតផ្លូវនេះទៀត តើអោយគ្រួសារគាត់ចេញចូលតាមណា ផ្ទះមនុស្សរស់នៅមិនអាចអត់ផ្លូវចេញចូលនោះទេ ។
គួរបញ្ជាក់ផងដែរថា លោកមេភូមិ និងប្រពន្ធកូន បានរុះរបាំងដែរដែលជប៉ុនទើបតែដាក់អស់១ផ្ទាំងប្រវែងជាង៣ម៉ែត្រ ហើយក្នុងពេលរុះនោះ គេឃើញខាងជប៉ុនមកពិនិត្យមើល និងថតរូបទុកជាភស្តុតាងថែមទៀត ដោយឡែកខាងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានវិញ ពុំឃើញមានវត្តមាននៅទីនោះទេ ៕
ចែករំលែកព័តមាននេះ