ខេត្តស្ទឹងត្រែង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា នៅប៉ុន្មាននាទីមុននេះអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក មុំ សារឿន បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់បំពាក់អាវុធចុះទៅឃាត់កម្មករឡាវឲ្យបញ្ឈប់ការសាងសង់ប៉ុស្តិ៍ថ្មីនៅលើតំបន់ស ។ សេចក្តីរាយការណ៍បានបន្តថា បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តចំប៉ាសាក់បានលុបចោលកិច្ចប្រជុំជាមួយអភិបាលខេត្តស្ទឹងត្រែង ដែលតាមគម្រោងនឹងចរចាគ្នានៅថ្ងៃទី០៧ មេសា ២០១៦នេះ ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣១ មីនា ២០១៦មក ទាហានឡាវបាននាំគ្រឿងចក្រចូលមកសាងសង់ប៉ុស្តិ៍ថ្មីនៅចំណុច ប៉ុស្តិ៍ចាស់តាមបណ្តោយព្រំដែន ចំណុចដុំក្រឡចាស់ ស្ថិតត្រង់និយាមការ XA 14885.38651 ជាប់ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយពីឃើញទាហានឡាវបញ្ជូនគ្រឿងចក្រសាងសង់ប៉ុស្តិ៍ កងកម្លាំងព្រំដែនកម្ពុជាក៍បានទៅហាមជាបន្តបន្ទាប់ចាប់តាំងថ្ងៃទី ៣១ មីនារហូតមកដល់ថ្ងៃទី០២ មេសា ២០១៦ ប៉ុន្តែភាគីឡាវនៅតែផ្គើនមិនបញ្ឈប់សកម្មភាពសាងសង់ទៀត ។ ក្រោយមកភាគីទាំងពីរបានសន្យាជួបដោះស្រាយគ្នានៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែនៅពេលនេះ ភាគីឡាវបែរជាគេចវេសវិញ ។ ប្រភពបន្តថា នៅពេលនេះ កងកម្លាំងប្រដាប់អាវុធបានចេញដំណើរទៅកាន់គោលដៅហើយ ។
យ៉ាងណាក៍ដោយ មកដល់វេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី០៧មេសាដដែលនេះ គេហទំព័រកោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយបន្ថែមបានទេពីលោកអភិបាលខេត្តស្ទឹងត្រែង មុំ សារឿន ៕
ចែករំលែកព័តមាននេះ