ខេត្តកំពង់ឆ្នាំង ៖ តំបន់ទឹកធ្លាក់ស្រែអំពិល គឺជាកន្លែមានទឹកជ្រោះហូរធ្លាក់ពីលើចង្កេះភ្នំ ហូរតាមជ្រលងជើងភ្នំរាប់គីឡូម៉ែត្រគ្របដណ្តប់ដោយម្លប់ឈើព្រៃភ្នំដ៏ត្រជាក់ ស្ថិតនៅខាងជើងភ្នំឱរាល់ ក្នុងភូមិក្តុល ឃុំគ្រាំងស្គារ ស្រុកទឹកផុស ដែលពេលនេះ ត្រូវអាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ខេត្ត កំពុងសិក្សាបង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ សំរាប់ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត នៅក្នុងពេលខាងមុខ ។
លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៥ មេសា នេះថា តំបន់ទឹកធ្លាក់ស្រែអំពិលខាងលើនេះ ស្ថិតនៅខាងលិចទីរួមខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណ៦៤គីឡូម៉ែត្រ ។ នៅក្នុងតំបន់នេះ មានទឹកធ្លាក់ជាច្រើនកន្លែង និងមានទឹកហូរតាមជ្រោះរាប់គីឡូម៉ែត្រ ដែលអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ និងជាកន្លែងមុជទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
បច្ចុប្បន្ន នៅតំបន់នេះ ក្នុងរដូវប្រាំងពុំមានទឹកច្រើនសំរាប់លេងកម្សាន្តនោះទេ ដោយសារតែសហគមន៍ទេសចរណ៍ទឹកធ្លាក់ភ្នំយ៉ោក ខេត្តពោធិ៍សាត់ បានបិទទំនប់នៅព្រំប្រទល់លើភ្នំជាប់ ប៉ុន្តែនៅពេលខេត្តកំពង់ឆ្នាំង បង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល បាន សហគមន៍ និងសហគមន៍ គេអាចសម្របសម្រួលបើកទឹកទំនប់ខាងលើនេះបាន ដែលអាចធ្វើឱ្យតំបន់ទឹកធ្លាក់ស្រែអំពិល អាចមានទឹកច្រើន មុជលេងកម្សាន្តបានទាំងខែប្រាំង និងខែវស្សា ។
ចែករំលែកព័តមាននេះ