ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​អស់​៥​ខ្នង​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​នៅ​ក្រុងព្រះ​សីហនុ

2 ឆ្នាំ មុន
  • ព្រះសីហនុ

លំនៅ​ឋាន​ចំនួន​៥​ខ្នង នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២១ បាន​ត្រូវ​អគ្គិភ័យ​លេបត្របាក់​អស់ទាំង​ស្រុង

ខេត្ត​ព្រះ​សីហ​នុ ៖ លំនៅ​ឋាន​ចំនួន​៥​ខ្នង នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២១ បាន​ត្រូវ​អគ្គិភ័យ​លេបត្របាក់​អស់ទាំង​ស្រុង ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក សន កុសល អភិ​បាល​រង​ក្រុង ព្រះ​សីហ​នុ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ក្រុង ចុះជួយ​សង្កាត់​លេខ​១ ។

ក្នុង​ការ​ផ្តល់​ព័ត៌មាន​បណ្តាញ​ព័ត៌មាន លោក សន កុសល បាន​ឲ្យ​ដឹង​ថា ផ្ទះ​ទាំង​៥​ខ្នង​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​នេះ មាន​ម្ចាស់៖
១-​ឈ្មោះ វួ​ន ទូច ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ
២-​ឈ្មោះ ម៉ៅ ប៉ិន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ
៣-​ឈ្មោះ រំដួល ដេ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ
៤-​ឈ្មោះ ផា​ន់ វេន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ
៥-​ឈ្មោះ ម៉ុ​ស នេ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។

តាម​ព័ត៌មាន​ជំហាន​ដំបូង ការ​កើត​មាន​អគ្គិភ័យ​នេះ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយក្នុង​ការ​ធ្វើ​អន្តរាគមន៍​ពន្លត់ភ្លើង​នេះ សមត្ថកិច្ចបាន​ប្រើប្រាស់​រថយន្ត​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង ប្រើ​ទឹក​អស់​៤​រថយន្ត របស់​អង្គភាព​«​ង​៧០»​ចំនួន​២​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​៣​រថយន្ត ។

លោក សន កុសល បាន​ស្នើ​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជួប​គ្រោះ​អគ្គិភ័យ​ទាំងអស់​សូម​ពង្រឹងស្មារតី ព្រោះ​កម្លាំង​អាជ្ញាធរ​ក៏​បាន​និង​កំពុង​ជួយ​ដោះស្រាយ​ការ​លំបាក​ចំពោះ​មុខ ។

លោក​បាន​បន្ថែម​ថា ចំពោះ​សម្ភារ​ដូច​ជា ការធ្វើ​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ​ផ្សេង​ៗ លោក​នឹង​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រង់​ឈ្មោះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ធ្វើ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​វិញ ។

ជាមួយ​នេះ លោក​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​រង​គ្រោះ​ដោយ​អគ្គិភ័យ​ទាំងអស់ ត្រូវ​តាំងស្មារតី​កសាង​គ្រួសារ​ឡើង​វិញ និង​មានការ​ប្រុង​ប្រយ័ត្ន​កុំ​ធ្វេសប្រហែស​ក្នុង​ការ​ប្រើប្រាស់​ចរន្តអគ្គិសនី​ដែល​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ អាច​បង្ក​ឱ្យ​មាន​ករណី​គ្រោះ​អគ្គិភ័យ​ដូច​នៅ​ថ្ងៃនេះ​ជាដើម ។

ដោយ​មាន​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ ភ្លើង​ក៏​បាន​រលត់​ទាំងស្រុង​ទៅ​វិញ​នា​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ។ ភ្លាម​ៗ​នោះ​ដែរ លោក​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​លេខ​១ បាន​ជួយ​ឧបត្ថម្ភ​ក្នុង​មួយ​គ្រួសារ​១៥​ម៉ឺន​រៀល និង​លោក ឈិ​ត សុ​ផាត ចៅសង្កាត់​លេខ​១ បាន​ជួយ​ឧបត្ថម្ភក្នុង​មួយ​គ្រួសារ​១០​ម៉ឺន​រៀល ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ