អត្ថាធិប្បាយ៖ ការប្រឡងឌីប្លូម និងបាក់ឌុប: កុំចង់ជាប់ដោយស្វ័យប្រវត្តិ
- ភ្នំពេញ
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសថា មិនមានការកំណត់ឲ្យបេក្ខជនប្រឡងឌីប្លូម និងប្រឡងបាក់ឌុប នៅឆ្នាំនេះ ជាប់ជាស្ថាពរទៀត ដូចឆ្នាំមុននោះទេ។ ការបញ្ជាក់ដូច្នេះ ធ្វើឡើងតាមលិខិត នៅថ្ងៃទី២៨ ខែតុលា។ នោះគឺក្រសួងអប់រំ យុវជន និងកីឡា បានបដិសេធនូវលិខិតក្លែងក្លាយ ដែលផ្សាយថា «នៅឆ្នាំនេះ ក្រសួង កំណត់ឲ្យជាប់ជាស្ថាពរនៃការប្រឡងឌីប្លូម និងការប្រឡងបាក់ឌុប»។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មានការផ្សព្វផ្សាយលិខិតក្លែងក្លាយ នៅតាមបណ្តាញសង្គមនានា ពាក់ព័ន្ធនឹងការកំណត់ឲ្យជាប់ជាស្ថាពរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ។ ករណីនេះ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ក្នុងលិខិតបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ដូចមានក្នុងលិខិតក្លែងក្លាយនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកតៗគ្នា នូវលិខិតមួយ ដែលអះអាងថា ជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដោយកំណត់ឱ្យសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេសនោះទេ។

យ៉ាងណាក៏ដោយ នៅថ្ងៃទី២៨ ខែតុលា ក្រសួងអប់រំ បានច្រានចោលនូវខ្លឹមសារលិខិតក្លែងក្លាយនេះ។ នៅឆ្នាំនេះ ក្រសួងអប់រំ រៀបចំការប្រឡងជាធម្មតាឡើងវិញ ដោយបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព តាមការគ្រោងទុក។
ក្រសួងអប់រំ បានប្រកាសយកថ្ងៃទី១៥ ខែវិច្ឆិកា ជាថ្ងៃប្រឡងឌីប្លូម ហើយនៅថ្ងៃទី៦ ខែធ្នូ ជាថ្ងៃប្រឡងបាក់ឌុប។ ក្នុងនោះ សិស្សានុសិស្ស ដែលត្រៀមប្រឡង ត្រូវបានអនុញ្ញាតឲ្យចូលរៀនឡើងវិញ នៅតាមសាលា ចាប់តាំងពីខែកញ្ញា ខណៈដែលសាលារៀនគ្រប់កម្រិត នឹងបើកដំណើរការឡើងវិញ នៅទូទាំងប្រទេស នាថ្ងៃទី១ ខែវិច្ឆិកាខាងមុខ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានយុទ្ធនាការ ដែលទំនងជាធ្វើឡើងដោយក្រុមសិស្ស ដែលត្រូវប្រឡងឌីប្លូម និងប្រឡងបាក់ឌុប បានបញ្ចេញមតិក្នុងហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដោយស្នើសូមសម្តេច អនុញ្ញាតឲ្យសិស្សប្រឡងទាំង ២កម្រិតនេះ ជាប់ជាស្ថាពរ ដូចកាលពីឆ្នាំមុន។ ក្រុមអ្នកប្រើហ្វេសប៊ុកទាំងនោះ សំអាងថា មិនបានរៀនសូត្រជាប់លាប់នៅសាលាទេ ដោយសារតែកូវីដ១៩។ រីឯការរៀនតាមអនឡាញ មិនបានពេញលេញ និងរៀនមិនចេះចាំនោះទេ។

អ្នកស្នើសុំឲ្យក្រសួងអប់រំ កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនចាំបាច់ប្រឡង បានជម្រាបជូនសម្តេចតេជោថា ដោយសារតែការសិក្សាតាមប្រព័ន្ធអនឡាញ ពុំបានដិតដល់រយៈពេល ២ឆ្នាំមកនេះ គួបផ្សំនឹងបញ្ហាផ្សេងៗ រួមមាន ទាំងសម្ពាធផ្លូវចិត្ត ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងមកលើការសិក្សា ហើយថ្ងៃប្រឡងបាក់ឌុប ក៏កាន់តែខិតជិតមកដល់ ដូច្នេះចៅៗ ដែលជាសិស្សថ្នាក់ទី១២ ហាក់ដូចជា ពុំមានទំនុកចិត្ត និងចំណេះដឹងគ្រប់គ្រាន់ សម្រាប់ការប្រឡងនាពេលខាងមុខនេះឡើយ។ ការប្រឡងនោះទៀតសោត អត្រាសិស្ស ធ្លាក់អាចនឹងមានចំនួនដ៏ច្រើនលើសលប់។
អ្នកលេងហ្វេសប៊ុក បន្ថែមថា «ចៅៗសូមធ្វើការស្នើសុំលោកតា ក្នុងការពិចារណា សម្រេចឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២០-២០២១ ជាប់ដោយស្វ័យប្រវត្តិ ហើយចៅៗ គាំទ្រឱ្យមានការប្រឡងចូលសាកលវិទ្យាល័យ ទៅតាមមុខជំនាញសិក្សាជំនួសវិញ។ ដូច្នេះចៅៗ នឹងមានពេលវេលាគ្រប់គ្រាន់ ក្នុងការផ្ដោតទៅលើមុខវិជ្ជា ដែលចាំបាច់សម្រាប់ការសិក្សារបស់ចៅៗនៅមហាវិទ្យាល័យ»។
យ៉ាងណាក៏ដោយ ជុំវិញការលើកឡើងរបស់អ្នកលេងហ្វេសប៊ុកខាងលើនេះ មិនទាន់មានការឆ្លើយតបបែបណាពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ។

ប៉ុន្តែតាមក្រសួងអប់រំ ការប្រឡងឌីប្លូម និងប្រឡងបាក់ឌុប នាឆ្នាំនេះ ក្រសួងនៅតែបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធ ផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព តាមការគ្រោងទុក។ ក្រសួងអប់រំ ក៏នៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡង ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សា ក្នុងបរិបទកូវីដ-១៩។
ជាមួយគ្នានេះ សិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់ គួរតែបន្តខិតខំប្រឹងប្រែងរៀនសូត្រ ទាំងរៀនពីចម្ងាយ តាមអនឡាញ និងចូលរៀនដោយផ្ទាល់នៅតាមថ្នាក់រៀនឡើងវិញ។
ក្នុងពេលកូវីដរាតត្បាតនេះ សម្រាប់បេក្ខជនប្រឡងឌីប្លូម នៅតាមសាលារៀនឯកជន គឺបានរៀនតាមអនឡាញ ដូចសិស្សសាលារដ្ឋដែរ។ សិស្សសាលារៀនឯកជន បានប្រឡងឌីប្លូម តាំងពីខែសីហា ហើយលទ្ធផលក៏បង្ហាញថា អ្នកខំប្រឹងរៀន គឺប្រឡងជាប់។ ដូចគ្នានេះដែរ នៅថ្នាក់ទី១២ ក៏នៅបន្តរៀនតាមអនឡាញ ហើយខ្លះទៀត បានចូលរៀននៅថ្នាក់រៀនឡើងវិញ កាលពីខែកញ្ញា ដូចគ្នានឹងសាលារដ្ឋដែរ។
ទន្ទឹមនឹងការសម្រេចរបស់ក្រសួងអប់រំ ឲ្យមានការប្រឡងឡើងវិញ នៅឆ្នាំនេះ សម្រាប់សិស្សសាលារៀនរដ្ឋ និងឯកជន នៅថ្នាក់ឌីប្លូម និងថ្នាក់បាក់ឌុប នៅខែវិច្ឆិកា និងខែធ្នូខាងមុខនេះ ក៏គួរតែក្រសួងយោគយល់ ហើយរៀបចំវិញ្ញាសាប្រឡង ទៅតាមបរិបទកូវីដ កុំតឹងពេក ដោយសារតែសិស្សានុសិស្ស មិនបានរៀនសូត្រពេញលេញ នៅថ្នាក់រៀន ដោយផ្ទាល់ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ឆ្លងកូវីដនៅសហគមន៍ ថ្ងៃ២០កុម្ភៈ ឆ្នាំ២០២១ បន្តដល់ពេលនេះ។ ក្នុងនោះ ទោះបីសិស្សានុសិស្ស បន្តរៀនតាមអនឡាញ តែក៏ពិតជាមិនបានរៀនស្រួលបួលទេ ដូចនៅក្នុងថ្នាក់រៀនឡើយ។ អាចមកពីបញ្ហាអ៊ិនថឺណេត និងមិនអាចស្តាប់គ្រូពន្យល់ និងសួរនាំគ្រូ ដូចក្នុងថ្នាក់រៀនទេ។ ម្យ៉ាងទៀត សិស្សានុសិស្សយើង ក៏ត្រូវកូវីដគំរាមកំហែង ដោយឆ្លងរាតត្បាតនៅទូទាំងប្រទេសថែមទៀត។
រីឯបេក្ខជន ដែលត្រូវប្រឡង ទាំងថ្នាក់ឌីប្លូម និងទាំងថ្នាក់បាក់ឌុប ក៏ត្រូវតែសង្វាតរៀនសូត្រ មើលមេរៀននូវអ្វីដែលបានរៀនរួចហើយ។ ក្នុងនោះ នៅពេលចូលកងវិញ នៅថ្ងៃទី១វិច្ឆិកា ក្នុងក្របខណ្ឌទូទាំងប្រទេស គឺជាពេលវេលារម្លឹកមេរៀនឡើងវិញ នូវអ្វីដែលរៀនពីដើមឆ្នាំ និងរៀនតាមអនឡាញ សម្រាប់ត្រៀមប្រឡង។ ត្រូវតែប្រឡង ក្នុងនាមជាកូនសិស្ស ដែលជាអ្នករៀនសូត្រ។ ម្យ៉ាង ឲ្យតែរៀន នឹងចេះ ខ្លាចតែអ្នកមិនរៀនទេ ទើបប្រឡង មិនជាប់ ហើយចាំតែសុំឲ្យជាប់ ដោយមិនបាច់ប្រឡង ព្រោះសំអាងតែលើហេតុផល កូវីដ៕


ចែករំលែកព័តមាននេះ