ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ច្រាំង​ទន្លេ​​​យ៉ាង​គំហុក មនុស្ស​រាប់រយ​នាក់​ជួយ​រុះរើ​ផ្ទះ​ទាំង​យប់

1 ខែ មុន
  • កំពង់ចាម

គ្រោះ​បាក់​ច្រាំង​ទន្លេ​យ៉ាង​គំហុក ធ្វើ​ឱ្យ​លំនៅ​ឋាន​ចំនួន​២​ខ្នង​ត្រូវ​​រុះរើ​ស្ទើរតែ​មិន​ទាន់ ចំណែក​២​ខ្នង​ទៀត​ត្រៀម​រុះរើ នៅ​ភូមិ​

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​បាក់​ច្រាំង​ទន្លេ​យ៉ាង​គំហុក ធ្វើ​ឱ្យ​លំនៅ​ឋាន​ចំនួន​២​ខ្នង​ត្រូវ​​រុះរើ​ស្ទើរតែ​មិន​ទាន់ ចំណែក​២​ខ្នង​ទៀត​ត្រៀម​រុះរើ នៅ​ភូមិ​រកា​ធំ ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ។ ហេតុការណ៍​បាក់​ច្រាំង​ទន្លេមេគង្គ​នេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ ដោយ​បាក់​ជម្រៅ៣០​ម៉ែត្រ ​និង​បណ្ដោយ​១០០​ម៉ែត្រ ហើយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​ទៅ​អន្តរា​គមន៍​រហូត​ដល់​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ ទើប​រួចរាល់ ។ ទោះជា​យ៉ាងណា នៅ​ក្នុង​ហេតុកា​រណ៍​នេះ​មាន​ម៉ាស៊ីនបូមទឹក​១​គ្រឿង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​បាត់ ។

Picture

លោក តឹក លាង មេឃុំ​ជី​រោទ៍​ទី​១ មាន​ប្រសាសន៍​ថា ស្ទើរតែ​រាល់​ឆ្នាំ​ដែល​ច្រាំង​ទន្លេ​មេគ​ង្គ តែងតែ​បាក់​ស្រុត ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ លំនៅ​ឋាន​២​ខ្នង​ដែល​ត្រូវ​បាន​រុះរើ​ជា​បន្ទាន់ ដែល​មាន​ម្ចាស់ ៖ ១-​ឈ្មោះ អុជ មា​ច ភេទ​ប្រុស អាយុ​៦១ ឆ្នាំ
ផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ និង ២-​ឈ្មោះ ទូច ស្រី​ល័​ក្ខ អាយុ​២៧​ឆ្នាំ ផ្ទះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ប្រក់ស​ស័ង្កសី ។

Picture

លោក​មេឃុំ​បន្ត​ថា នៅ​ពេល​រូប​លោក​ទទួល​ដំណឹង​ពី​មេ​ភូមិ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានភ្លាម ក៏​បាន​ជូនដំណឹង​ទៅ​លោក​អភិ​បាលស្រុក​ត្បូងឃ្មុំ ដើម្បី​ឲ្យ​ជ្រាប ។ ដោយ​មើលឃើញ​ពី​គ្រោះ​បាក់​ច្រាំង​ទន្លេ​កាន់តែ​បាក់​មក​កៀក​នឹងលំនៅ​ឋាន​បែប​នេះ អាជ្ញាធរ​ក៏​បាន​ប្រកាស​តាម​មេក្រូ​ហៅ​អ្នក​ភូមិ​ឲ្យ​មក​ជួយ​រុះរើ​លំនៅ​ឋាន​ចំនួន​២​ខ្នង​នោះ ហើយ​ក៏​មាន​វត្តមាន​អភិបាលស្រុក​អភិបាលរង​ស្រុក មក​ជួយ​ដែរ ដោយ​មិន​គិត​ពី​ការ​នឿយហត់​ឡើយ ។

Picture

លោក​មេឃុំ ថ្លែង​ថា ប្រសិនបើ​មានការ​យឺតយ៉ាវ លំនៅ​ឋាន​ទាំង​២​ខ្នង​នេះ អាច​នឹង​ស្រុត​ទៅ​តាម​ច្រាំង​ទន្លេ​ចូល​ទៅ​ក្នុង​ទឹ​កេ ។ ប៉ុន្តែ​​នេះ​ដោយសារ​មហា​សាមគ្គី​ប្រជាពលរដ្ឋ​រាប់រយ​នាក់ រួម​ជាមួយ​ប្រជា​ការពារ នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​ដែនដី ទើប​ធ្វើ​ឲ្យ​ដំណើរ​ការ​នេះ​ប្រព្រឹ​ត្តទៅ​លឿន ។

Picture

ជាមួយ​នេះ ក៏​មាន​លំនៅ​ឋាន​២​ខ្នង​ទៀត​ ត្រៀម​រុះរើ​ដែរ ដែល​មាន​ម្ចាស់​ឈ្មោះ ស៊ុន រូ​ទី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ និង​ម្ចាស់​ឈ្មោះ ចាន់ សុ​ឆ​ន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ផ្ទះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ។ លោក​មេឃុំ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ ទឹកទន្លេ​មេគង្គ​ឡើង​តូច​មិន​បាន​លិច​ច្រាំង​ទន្លេ​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​លំនៅ​ឋាន​រង​ការ​ខូចខាត​ដែរ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture