ខេត្តកណ្តាល ៖ ព្រឹកនេះ ទី២៤ មករា ២០១១ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន អមដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អង្គការជាតិ-អន្តរជាតិ តំណាងស្ថានទូតប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានព្រែកតាមាក់ ឆ្លងទន្លេមេគង្គ ដែលជាចំណុចប្រសព្វប្រជុំស្រុក៣ គឺស្រុកពញាឮ មុខកំពូល និងខ្សាច់កណ្តាល និងតភ្ជាប់ទៅ កាន់ខេត្តព្រៃវែង រួចហើយឆ្ពោះទៅដល់ប្រទេសវៀតណាមទៀតផង ។
ស្ពានថ្មបេតុងព្រែកតាមាក់នេះគឺជាជំនួយប្រាក់កម្ចីរបស់សាធារណរដ្ឋប្រជាមានិតចិន ដល់រដ្ឋាភិបាលកម្ពុជា ដែលចំណាយការកសាងអស់ប្រមាណជាង៤០លានដុល្លារ ក្នុងទិសដៅអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធស្ពាន-ផ្លូវ ឈានទៅបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ដឹកជញ្ជូន ក៏ដូចជាការប្រកបរបរប្រចាំថ្ងៃ ពង្រីកជីវភាពគ្រួសារ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច សង្គម ។
លើសពីនេះ ស្ពានព្រែកតាមាក់ នឹងផ្តល់អត្ថប្រយោជន៍ទំនាក់ទំនងសេដ្ឋកិច្ចទូលំទំលាយថែមទៀតរវាងកម្ពុជា-វៀតណាម ព្រោះផ្លូវជាតិលេខ៨តភ្ជាប់ពីស្ពាននេះលាតសន្ធឹងរហូតដល់ប្រទេសវៀតណាម ដែលនាំឱ្យមានការផ្លាស់ប្តូរចរន្តទំនិញ-ជំនួញ ព្រមទាំងភ្ញៀវទេសចរផងដែរ ៕
ចែករំលែកព័តមាននេះ