ការជ្រុះសក់គឺជាបាតុភូតធម្មជាតិមួយដែលមនុស្សជាច្រើនតែងជួបប្រទះ ។ មានមនុស្សជាច្រើនពិតជាមិនបានដឹងថា ការជ្រុះសក់គឺកើតឡើងពីធម្មជាតិទេ ។ និយាយរួមគេពិតជាមិនអាចបញ្ឈប់ទាំងស្រុងនូវការជ្រុះសក់បានឡើយ ។ អ្វីមួយដែលយើងអាចធ្វើបាននោះគឺកាត់បន្ថយចំនួននៃការជ្រុះប៉ុណ្ណោះ ។
ខាងក្រោមនេះជាវិធីសាស្ត្រធម្មជាតិមួយចំនួនដែលលោកអ្នកអាចអនុវត្តបានដោយខ្លួនឯងដើម្បីកាត់បន្ថយការជ្រុះសក់ ។
១-ចូររក្សាសក់ឱ្យស្អាតជានិច្ច៖ ការថែរក្សាសក់ឱ្យស្អាត នឹងជួយទប់ស្កាត់ការរមាស់ស្បែកក្បាល និងការកើតអង្គែ ដ្បិតទាំង២នេះគឺជាបុព្វហេតុចម្បងដែលនាំឱ្យសក់ជ្រុះ ។ ចូរប្រើសាប៊ូកក់សក់ និងថ្នាំអប់សក់ដែលស័ក្តិសមនឹងប្រភេទសក់របស់អ្នក ។
២-កក់សក់ជាមួយទឹកត្រជាក់ និងត្រដុសស្បែកក្បាលនឹងម្រាមដៃ៖ ការធ្វើបែបនេះនឹងជួយជំរុញដល់លំហូរឈាម ព្រមទាំងកាត់បន្ថយការជ្រុះសក់ ។
៣-ប្រើទឹកឃ្មុំលាយជាមួយផ្នែកលឿងរបស់ស៊ុត ៖ គួរលាយទឹកឃ្មុំ និងផ្នែកលឿងរបស់ស៊ុតឱ្យចូលគ្នាសព្វ រួចយកទៅកក់សក់ទុកចោលកន្លះម៉ោងបន្ទាប់មកលាងជម្រះដោយទឹកធម្មតា ។
៤-ការជ្រុះសក់ក៏អាចត្រូវបានទប់ស្កាត់ផងដែរ ដោយការប្រើប្រាស់សាប៊ូកក់សក់ដែលធ្វើពី ទឹកក្រូចឆ្មារ និងទឹកផ្លែកន្ទួតព្រៃ ។ ប្រើសាប៊ូប្រភេទនេះរាល់ពេលគឺមានប្រសិទ្ធភាពជួយជំរុញឱ្យសក់ដុះលូតលាស់ផងដែរ ។
៥-ប្រើស្លឹកជីវ៉ាន់ស៊ុយ ៖ ចូរកិនស្លឹកជីវ៉ាន់ស៊ុយដោយប្រើម៉ាស៊ីនក្រឡុកផ្លែឈើឱ្យទៅជាទឹកចំណុះ១ពែង ហើយកក់សក់រៀងរាល់ពេលងូតទឹក ។
៦-លាងសម្អាតស្បែកក្បាលដោយប្រើខ្ទិះដូងក៏ជាវិធីសាស្ត្រមានប្រសិទ្ធភាពមួយផងដែរ ដើម្បីកាត់បន្ថយការជ្រុះសក់ ។
៧-យកគ្រាប់ក្រូចឆ្មារពេញ១ស្លាបព្រាកាហ្វេកិនលាយបញ្ចូលគ្នាជាមួយម្រេចខ្មៅ១ស្លាបព្រាកាហ្វេដូចគ្នារួចចាក់ទឹកចូលបន្តិច ហើយយកទៅកក់សក់ ។ នេះក៏ជាវិធីសាស្ត្រមួយកាត់បន្ថយការជ្រុះសក់ផងដែរ ៕
ចែករំលែកព័តមាននេះ