ខណ:ដែលជំងឺមហារីកបានសម្លាប់ប្រជាជនកម្ពុជាប្រមាណ១៤០០០នាក់ ក្នុងមួយឆ្នាំនោះ អ្នកជំនាញវេជ្ជសាស្ត្របានព្រមានថា ចំនួនអ្នកស្លាប់ដោយសារជំងឺដ៏សាហាវនេះនឹងកាន់តែកើនឡើងដល់ចំនួនជិត២ម៉ឺននាក់ត្រឹមឆ្នាំ២០៣០ ។
វេជ្ជបណ្ឌិតដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់កោះសន្តិភាព នៅថ្ងៃទី២៦ ខែឧសភា ថា ដូច្នេះ គ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះតាមរយ:ការចូលរួមយ៉ាងសកម្មក្នុងផែនការប្រឆាំងជំងឺមហារីកដែលប្រកាសដោយក្រសួងសុខាភិបាលកាលពីពេលថ្មីៗនេះ ។
វេជ្ជបណ្ឌិតរូបនេះបាននិយាយថា តាមការប៉ាន់ប្រមាណមានមនុស្សស្លាប់ជិត១៤០០០នាក់កាលពីឆ្នាំ២០២២ ។ តួលេខនេះ នឹងកើនឡើងប្រហែល៤០% នៅត្រឹមឆ្នាំ២០៣០ ហើយ វានឹងកើនឡើងមួយជាបីនៅត្រឹមឆ្នាំ២០៣៥ ។
កំណើនចំនួន៤០%នៅត្រឹមឆ្នាំ២០៣០ វានឹងមានន័យថា ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីកនឹងឡើងដល់១៩៦០០នាក់នៅឆ្នាំ២០៣០។ នេះជាចំនួនដ៏ច្រើន ដូច្នេះគ្រប់គ្នាត្រូវប្រយ័ត្ន។ លោកវេជ្ជបណ្ឌិតរូបនេះបាននិយាយថា ប្រជាជនកម្ពុជាអាចបន្ថយហានិភ័យនៃការកើតជំងឺមហារីកបានតាមរយ:ការកាត់បន្ថយកត្តាហានិភ័យដូចជាការផឹកគ្រឿងស្រវឹង ការបរិភោគអហារផ្អាប់ និងកែច្នៃ ព្រមទាំងការហាត់ប្រាណ ហើយពិនិត្យសុខភាពទៀងទាត់ ៕
ចែករំលែកព័តមាននេះ