ការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានភេសជ្ជៈមានពពុះមួយកំប៉ុងឬមួយដបក្នុងមួយថ្ងៃ អាចបំផ្លាញការចងចាំរបស់មនុស្សវ័យជំទង់ ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Southern California សហរដ្ឋអាមេរិកបានរកឃើញថា ការទទួលទានបណ្តាភេសជ្ជៈដែលផ្ទុកសារធាតុស្ករអាចប៉ះពាល់ទៅលើសមត្ថភាពរៀនសូត្ររបស់មនុស្ស ។ ក្រៅពីបង្កឱ្យធាត់ឡើងទម្ងន់ ភេសជ្ជៈទាំងនេះក៏ត្រូវបានគេចាត់ទុកថាជាផ្នែកមួយដែលនាំឱ្យកើតមានអំពើហិង្សាក្នុងចំណោមយុវវ័យផងដែរ ។
វេជ្ជបណ្ឌិត Scott Kanoski ដែលជាអ្នកដឹកនាំការសិក្សាបានថ្លែងថា វាលែងជារឿងសម្ងាត់ទៀតហើយដែលកាបូអីុដ្រាតត្រូវបានគេយកទៅកែច្នៃ ជាពិសេសកែច្នៃប្រើក្នុងភេសជ្ជៈមានពពុះក៏ដូចជាបណ្តាភេសជ្ជៈដទៃទៀត ដែលអ្វីទាំងនេះបានធ្វើឱ្យមានការរំខានដល់ការរំលាយអាហារ ។ យ៉ាងណាក៏ដោយ ការរកឃើញរបស់យើងលើកនេះបង្ហាញថា ទទួលទានបណ្តាភេសជ្ជៈផ្អែមដោយស្ករក៏ផ្តល់ការរំខានដល់សមត្ថភាពបំពេញមុខងារផ្សេងៗរបស់ខួរក្បាលផងដែរ ជាពិសេសគឺសមត្ថភាពចងចាំក៏ដូចជាកត់ត្រាព័ត៌មាននៅជុំវិញខ្លួន ។ វាកាន់តែផ្តល់ផលអាក្រក់ថែមទៀត ប្រសិនជាការប្រើប្រាស់នោះធ្វើឡើងក្នុងកម្រិតមួយយ៉ាងលើសលប់មុនវ័យគ្រប់ការ ។
ការពិសោធដោយឱ្យសត្វកណ្តុរធំពេញវ័យនិងកណ្តុរវ័យជំទង់ផឹកភេសជ្ជៈមានពពុះបង្ហាញថា មុខងារយល់ដឹងកណ្តុរពេញវ័យស្ថិតនៅដូចធម្មតាក្រោយរយៈពេលមួយខែ ប៉ុន្តែមុខងារយល់ដឹង និងមុខងារចងចាំរបស់កណ្តុរវ័យជំទង់វិញបានចុះខ្សោយយ៉ាងខ្លាំង ។ បន្ថែមពីលើនេះទៀត ទីបញ្ជាការធំផ្នែកកត់ត្រានិងរៀនសូត្ររបស់ខួរក្បាល Hippocampus រងនូវការរលាកខ្លាំងជាងមុនផងដែរនៅពេលបរិមាណភេសជ្ជៈផ្អែមដោយស្ករត្រូវបានបង្កើន ៕
ចែករំលែកព័តមាននេះ