រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី២៥ ខែតុលានេះថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក បានបង្ហាញឲ្យឃើញថា ៖ មានសម្ពាធទាបសកម្មមួយបាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ។
ក្រសួងបានបន្តថា តាមការព្យាករ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ សម្ពាធទាបសកម្មនេះនឹងវិវត្តជាបន្តបន្ទាប់ទៅជាវិសម្ពាធ ឬកូនព្យុះ ដោយធ្វើដំណើរចូលដល់លើភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។ បាតុភូតខាងលើនេះនឹងថមថយឥទ្ធិពលមកជាសម្ពាធទាប នៅពេលដើរចូលមកដល់លើភាគខាងត្បូងប្រទេសកម្ពុជា ។
យោងតាមការព្យាករលក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ មានស្ថានភាពខាងក្រោម ៖
នៅតំបន់វាលទំនាបមាន ផ្ទៃមេឃមានពពកច្រើនដេរដាស និងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់មានល្បឿនបង្គួរ និងអាចបង្កជា ជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ ។
ចំណែកតំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ មានផ្ទៃមេឃមានពពកច្រើនដេរដាស អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ត្បូង ឃ្មុំ និងខេត្តកំពង់ចាម ។
ដោយឡែកតំបន់មាត់សមុទ្រមាន ផ្ទៃមេឃមានពពកច្រើនដេរដាស និងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ ។
ក្រសួងក៏បានលើកឡើងថា យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជា ព័ត៌មាន និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ