ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​មេការ​ខារ៉ាអូខេ​ «DM» ម្នាក់​ទៅ​តុលាការ ខណៈ​​៦៧​នាក់​ត្រូវ​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

មេការ​ខារ៉ាអូខេ​យីហោ «DM» ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ករណី​ល្មើស​នឹង

រាជធានី​ភ្នំពេញ ៖ មេការ​ខារ៉ាអូខេ​យីហោ «DM» ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ករណី​ល្មើស​នឹង​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពាក់ព័ន្ធ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ ចំណែក​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៦៧​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​រង្វង់​ប្រតិបត្តិការ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​ឲ្យ​មាន​សេរី​ភា​វិញ ។

បុរស​ជា​មេការ​ខារ៉ាអូខេ យីហោ «DM» ខាងលើ​នេះ មានឈ្មោះ អ៊ុ​ង ថៃ​ស៊ី​ម​ហុង អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ទីតាំង​ខារ៉ាអូខេ តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ កែង​ផ្លូវ​លេខ​១១៨ ស្ថិត​ក្នុង​សង្កាត់​ផ្សា​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ចុះ​បង្ក្រាប​ទីតាំង​ភោ​នី​យ​ដ្ឋា​ន​មួយ​កន្លែង​យីហោ «DM» ដែល​បាន​លួច​បើក​ខារ៉ាអូខេ ហើយ​មាន​មនុស្ស​ប្រុស​-​ស្រី​ប្រមូល​ម្តុំ​គ្នា ដោយ​មិន​បាន​រក្សា​គម្លាត ល្មើស​នឹង​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​បាន​ធ្វើការ​ឃាត់​មនុស្ស​សរុប​ចំនួន​៦៨​នាក់ ក្នុង​នោះ​មាន​មេការ​ខារ៉ាអូខេ​២​នាក់​ផង​ដែរ ។

សូម​រំលឹក​ទៀត​ថា មុន​នឹង​ឈាន​ទៅ​ឃាត់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ទីតាំង​ខាងលើ​នោះ សមត្ថកិច្ច​បាន​បើក​ការ​ស៊ើបអង្កេត​យ៉ាង​ច្បាស់លាស់ ហើយ​ដឹង​ថា ក្នុង​ភោ​នី​យ​ដ្ឋា​ន​យីហោ «DM» នោះ បាន​លួច​បើក​ខារ៉ាអូខេ បង្ក​ឲ្យ​មាន​មនុស្ស​ប្រមូលផ្តុំ​គ្នា​ច្រើន ដែល​ជិះ​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើប​ៗ​ទៅ​ពពាក់ពពូន​គ្នា ដោយ​មិន​បាន​គិតដល់​វិធានការ​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នោះ​ឡើយ ។

សូម​រំលឹក​បន្ត​ថា ដោយ​មាន​បទល្មើស​ជាក់ស្តែង​នោះ កម្លាំង​សមត្ថកិច្ច​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ដែល​មាន​នគរបាល កងរាជអាវុធហត្ថ និង​ប្រជា​ការពារ បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​ទីតាំង​នោះ ខណៈ​ពេល​មនុស្ស​ប្រុស​ស្រី​កំពុង​អង្គុយ​ផឹកស៊ី និង​ច្រៀង​រាំ​យ៉ាង​សប្បាយ​ក្រៃ​លែង​នោះ ។ បន្ទាប់​ពី​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​ខាងលើ​នេះ​មក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​បន្ត​តាម​នីតិវិធី ។

សូម​រំលឹក​ទៀត​ថា តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាតិ​ឲ្យ​ដំណើរ​ឡើង​វិញ​ចំពោះតែ​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ណា​ដែល​ធានា​បាន​នូវ​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដោយ​រក្សា​បាន​នូវ​គម្លាត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ស្ថេ​រ​ភាព​សង្គម ទើប​អាច​ដំណើរការ​បើក​អាជីវកម្ម​ជា​ប្រក្រតី និង​អាច​ទទួល​ឲ្យ​ភ្ញៀវ​ចូល​ទទួលទាន​បាន​ក្នុង​បរិវេណ​ទីតាំង​នោះ ប៉ុន្តែ​ចាំបាច់​ត្រូវ​កំណត់​ចំនួន​អតិថិជន​ក្នុង​បរិវេណ​សមរម្យ សមាមាត្រ​ទៅ​នឹង​ទំហំ​ទីតាំង ដើម្បី​រក្សា​ឲ្យ​បាន​នូវ​គម្លាត​សុវត្ថិភាព បុគ្គល​និង​សង្គម និង​ដើម្បី​ធានា​ឲ្យ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ដោយ​ត្រូវ​ចៀសវាង​ប្រជ្រៀត​គ្នា ឬ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ដែល​ជា​ហានិ​ភ័យ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ។

សូម​រំលឹក​ទៀត​ថា ភោជនីយដ្ឋាន ឬ​អាហារ​ដ្ឋា​ន ដែល​ត្រូវ​បាន​អនុញ្ញាត​ដូច​ក្នុង​ចំណុច​ខាងលើ ដាច់ខាត​មិន​ត្រូវ​លក់​គ្រឿង​ស្រវឹង ឬ​អនុញ្ញាតិ​ឱ្យ​អតិថិជន​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​បរិវេណ​អាជីវកម្ម​របស់​ខ្លួន​ឡើយ ។

ផ្ទុយ​ទៅ​វិញ ភោជនីយដ្ឋាន​ខាងលើ​នេះ បាន​ទទួលភ្ញៀវ​ផឹកស៊ី ច្រៀង​ខារ៉ាអូខេ ដែល​ល្មើស​ទៅ​នឹង​វិធានការ​សុខាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ និង​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩ ទើបត្រូវ​បាន​បិទ​ខ្ទប់​ឃាត់​មនុស្ស​ទាំង​យប់​នោះ​តែ​ម្តង ។

សំណុំរឿង​នេះ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​និង​កំពុង​បើក​ការ​ស៊ើបសួរ​មេការ​ខារ៉ាអូខេ​តែ​ម្នាក់​គត់ ដោយ​មនុស្ស​៦៧​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែ​ឲ្យ​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ