ការសិក្សាស្រាវជ្រាវជាលក្ខណៈអន្តរជាតិដ៏ធំមួយបានបង្ហាញថា បុគ្គលលើសខ្លាញ់កូឡេស្តេរ៉ូលដែលប្រើឱសថ Niacin ច្រើន មិនត្រឹមតែមិនអាចជួយកាត់បន្ថយហានិភ័យស្លាប់ពីជំងឺដាច់សរសៃឈាមខួរក្បាលឬគាំងបេះដូងនោះទេ ប៉ុន្តែវាបែរជាបង្កើនហានិភ័យនៃការស្លាប់កាន់តែខ្ពស់ទៀតផង ។
Niacin ឬវីតាមីន B3 បានកើនប្រជាប្រិយភាពយ៉ាងខ្លាំងរយៈពេល៥០ឆ្នាំកន្លងមកនេះ ។ វាបញ្ចេញប្រសិទ្ធភាពដោយបង្កើនកម្រិតខ្លាញ់កូឡេស្តេរ៉ូលល្អ-HDL ។
ទោះជាយ៉ាងនេះក្តី ការសិក្សាពិសោធរយៈពេល៤ឆ្នាំលើមនុស្ស២ម៉ឺន៥ពាន់និង៦៧៣នាក់អាយុចន្លោះពី៥០-៨០ឆ្នាំបានបង្ហាញថា អ្នកដែលប្រើថ្នាំ Niacin គឺរកមិនឃើញពីប្រសិទ្ធភាពធ្វើឱ្យថយចុះអត្រាជំងឺគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាលនោះទេ ។ បន្ថែមពីនេះទៀត វាបានបង្កើនផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួនដូចជា ធ្វើឱ្យបាត់បង់ការគ្រប់គ្រងជាតិស្ករសម្រាប់អ្នកជំងឺទឹកនោមផ្អែម បង្កើនឱកាសកើតជំងឺទឹកនោមផ្អែមធ្វើឱ្យថ្លើមមានបញ្ហា បង្កើនការឆ្លងមេរោគ និងការហូរឈាមជាដើម ។
Donald Lloyed-Jones ប្រធានផ្នែកឱសថបង្ការសាកលវិទ្យាល័យ Northwestern University បានថ្លែងថា ៩ភាគរយក្នុងចំណោមអ្នកប្រើថ្នាំ Niacin បានកើនហានិភ័យនៃការស្លាប់។ លោកបន្តថា វាអាចនឹងមានម្នាក់ស្លាប់ក្នុងចំណោម២០០នាក់ដែលយើងបានឱ្យលេបថ្នាំ Niacin អំឡុងការពិសោធ ។ ជាមួយនឹងសញ្ញាបែបនេះ គឺជាវិធីព្យាបាលមួយដែលមិនអាចទទួលយកបានសម្រាប់អ្នកជំងឺភាគច្រើន ។
ចំណែក ការសិក្សាមួយផ្សេងទៀតដែលពិសោធលើអ្នកជំងឺ៣ពាន់៤រយនាក់រកឃើញថា អ្នកប្រើថ្នាំ Niacin ជួបនឹងហានិភ័យឆ្លងរោគខ្ពស់ ហើយមិនផ្តល់ការការពារប្រឆាំងនឹងជំងឺបេះដូងនោះទេ ។
លោក Lloyed-Jones បានបន្ថែមថា ឱសថ Niacin ត្រូវបានគេគិតថា មានសារធាតុពុលដែលមិនអាចទទួលយកបានសម្រាប់អ្នកជំងឺភាគច្រើន ហើយវាមិនគួរត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃនោះទេ ៕
ចែករំលែកព័តមាននេះ