ការរួមមេត្រីភាពគឺជាក្រឹត្យក្រមធម្មជាតិដែលមនុស្សឬសត្វពេលធំពេញវ័យត្រូវឆ្លងកាត់ដោយគោលដៅសំខាន់គឺដើម្បីបន្តពូជពង្សទៅថ្ងៃអនាគត ។ បើទោះវាជាសិទ្ធិស្របច្បាប់ពីធម្មជាតិក្តី ប៉ុន្តែដំណើរការប្រព្រឹត្តទៅនៃមេត្រីភាពនេះត្រូវតែមានបែបបទនិងលក្ខខណ្ឌត្រឹមត្រូវទៅតាមទីកន្លែងពេលវេលាផងដែរ ។ នេះមានន័យថា ក្នុងនាមជាមនុស្សដែលមានពូជអម្បូរ ភាសា ទំនៀមទម្លាប់ ប្រពៃណីផូរផង់មិនអាចមានមេត្រីភាពបែបនេះតាមចិត្តនឹកឃើញឬនៅទីកន្លែងមិនសមគួរឡើយ ។ យ៉ាងណាក៏ដោយ នេះមិនមែនជាការហាមឃាត់ និងបំបិទសិទ្ធិនោះទេ ប៉ុន្តែតាមក្រុមអ្នកជំនាញអះអាងថា ការរួមមេត្រីភាពផ្លូវភេទដែលល្អជាងគេបំផុតគឺបន្ទាប់ពីរៀបការរួច ។ មានមូលហេតុ៣ចំណុចដែលត្រូវលើកយកមកពន្យល់ ៖
១-វាជាការល្អក៏ព្រោះតែបន្ទាប់ពីរៀបការរួច អ្នកនិងដៃគូស្គាល់គ្នាកាន់តែច្បាស់ជាងមុន ៖ មួយវិញទៀត ភាពល្អូកល្អិនក៏មានច្រើនជាងមុនផងដែរ ។ រៀបការរួចរស់នៅជាមួយគ្នាយូរនិងធ្វើឱ្យយល់ចិត្តគ្នា ស្គាល់ពីអ្វីដែលដៃគូខ្លួនពេញចិត្តនិងមិនពេញចិត្ត ។ គេគួរចាំថា ភាពស្រណុកសប្បាយនៃមេត្រីភាពផ្លូវភេទមួយចំណែកបានមកពីដៃគូចេះផ្តល់សេចក្តីសប្បាយឱ្យគ្នាទៅវិញទៅមក ។
២-វាល្អក៏ព្រោះបន្ទាប់ពីរៀបការរួច អ្នកកាន់តែស្និទ្ធស្នាលនិងយល់ចិត្តគ្នា ៖ នៅពេលដែលអ្នករៀបការរួចឬក៏បានរស់នៅជាមួយគ្នាអស់ជាច្រើនឆ្នាំរវាងអ្នកនិងដៃគូគឺពិតជាគ្មានតំណមច្រើន ខ្លាចចិត្តគ្នា ឬខ្មាសអៀនគ្នានោះទេ ។ ក្លាយជាប្តីប្រពន្ធហើយ អាថ៌កំបាំងរាងកាយរបស់អ្នកគឺអាចនឹងគ្មានទៀតទេចំពោះដៃគូ ជាពិសេសគឺអាថ៌កំបាំងរាងកាយស្ត្រីដែលខំបិទបាំងតាំងពីវ័យក្រមុំមកនោះ ។ ខ្មៅសអាក្រក់ល្អយ៉ាងណាមិនមែនជាបញ្ហាសំខាន់ដែលត្រូវយកចិត្តទុកដាក់ទៀតឡើយ ។
បច្ចុប្បន្នភាពនៃអ្នកទាំង២គឺផ្តល់សេចក្តីសុខឱ្យគ្នាទៅវិញទៅមក។ ស្ត្រីមួយចំនួនតែងតែនិយាយថា ខ្លួនពិតជាភ័យខ្លាំងពេលរួមភេទជាមួយបុរសមិនដែលស្គាល់ឬទើបតែស្គាល់ ខណៈមួយចំនួនទៀតនិយាយថា ខ្លួនមានអារម្មណ៍កក់ក្តៅ និងរីករាយពេលរួមរ័កជាមួយស្វាមី ។
៣-វាល្អប្រសើរក៏ព្រោះតែអ្នកមានទំនាក់ទំនងនឹងគ្នាយ៉ាងល្អរួចជាមុន ៖
ភាពស្រណុកសប្បាយនៃការរួមរ័កត្រូវការចាំបាច់នូវទំនាក់ទំនងល្អ ។ ប្រសិនជាអ្នកមិនអាចនិយាយចេញនូវអ្វីដែលខ្លួនចង់ធ្វើឬអ្វីដែលខ្លួនមិនចង់ធ្វើ ដូច្នេះអ្នកប្រហែលជាមិនអាចឈានទៅដល់ការរួមភេទមួយដែលប្រកបដោយភាពស្រណុកសប្បាយសុខដុមរមនាបានទេ ។ ឈានដល់ការចូលរោងការជាមួយគ្នាមានន័យថា អ្នកទាំង២ពិតជាបានឆ្លងកាត់ទំនាក់ទំនងគ្នាយ៉ាងល្អជាមិនខាន ហើយសិចដែលប្រកបដោយអត្ថន័យក៏ទទួលបានតាមរយៈទំនាក់ទំនងល្អបែបនេះផងដែរ ៕
ចែករំលែកព័តមាននេះ