ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង០២រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ និងស្រុកស្ទឹងហាវបានចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ។
នៅពេលក្រុមការងារចម្រុះបានចុះទៅដល់ចំណុចកើតហេតុខាងលើឃើញមានមនុស្សចំនួន៥៨នាក់កំពុងធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក ក្នុងនោះក្រុមការងារចម្រុះបានធ្វើការណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញកាលពីវេលាម៉ោង០២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
សូមបញ្ជាក់ផងដែរ ក្រុមការងារចម្រុះបានប្រើប្រាស់ពេលវេលាជាច្រើនម៉ោងក្នុងការពន្យល់អំពីផ្លូវច្បាប់ និងការណែនាំផ្សេងៗតែក្រុមទាំងនោះមិនស្តាប់ ហើយបានប្រើអំពើហិ.ង្សាគប់ដបសាំងមកលើកម្លាំងសមត្ថកិច្ចថែមទៀត ដូច្នេះដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ទើបក្រុមការងារចម្រុះបានដកថយ ដើម្បីរង់ចាំការណែនាំបន្ត ។
រហូតដល់ម៉ោង០៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំពីឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្ត និងការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រុមការងារចម្រុះបានចុះទៅកន្លែងកើតហេតុជាលើកទី២ ដើម្បីឃាត់ខ្លួនមនុស្សដែលកំពុងនៅលើទីតាំងជាក់ស្តែងបានចំនួន៤៣នាក់ ស្រី០៨នាក់ ។
ក្នុងនោះបានបញ្ជូនជនសង្ស័យចំនួន០៦នាក់ទៅស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីសួរនាំបន្តដោយឡែកអ្នកពាក់ព័ន្ធចំនួន៣៧នាក់ទៀតបន្ទាប់ពីធ្វើការសាកសួរ និងធ្វើកិច្ចសន្យា គឺបានឱ្យមេឃុំចៅសង្កាត់របស់ពួកគាត់មកធានាត្រឡប់ទៅលំនៅដ្ឋានវិញ ។
យោងតាមចម្លើយរបស់បងប្អូនប្រជាពលរដ្ឋទាំងនោះ គឺមានទាំងអ្នកក្នុងខេត្ត និងក្រៅខេត្ត គឺត្រូវបានមេខ្យល់ដែលមានអង្គការចាត់តាំង បានធ្វើការបោកបញ្ឆោតឱ្យចូលទៅកាប់រានដីព្រៃឈើ ដើម្បីយកដីចែកគ្នា ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកមេខ្យល់ និងជនខិលខូច ដោយធ្វើការញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដីកម្មសិទ្ធឯកជន និងការប្រើប្រាស់អំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈជាដើម ដែលទង្វើនេះនឹងធ្វើឱ្យបងប្អូនក្លាយខ្លួនជាជនល្មើសនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត ៕
ចែករំលែកព័តមាននេះ