ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចក្រុងព្រៃវែង និងប្រជាពលរដ្ឋ នាំគ្នារត់ដេញចាប់យ៉ាងវក់វីពេញវាលស្រែទាំងព្រឹកបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងធ្វើដំណើរក្នុងក្រុងព្រៃវែង ។
មន្ត្រីនគរបាលក្រុងព្រៃវែង បានឱ្យដឹងថា បុរសដែលត្រូវចាប់ខ្លួនរូបនេះឈ្មោះ ថា នីន អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិរការខ្សុក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ត្រូវបានចាប់ខ្លួនតាមដីកាលេខ១៩៩ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ចេញដោយលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ជាប់ចោទពីបទបង្ករបួសស្នាមដោយចេតនា និងកាន់កាប់អាវុធខុសច្បាប់ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៦ នៅក្នុងវត្តមេបុណ្យ ស្ថិតក្នុងភូមិរការខ្សុក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ។
មន្ត្រីសមត្ថកិច្ចបានបន្តថា ក្រោយពីប្រព្រឹត្តបទល្មើសហើយ បុរសឈ្មោះ ថា នីន នេះ បានរត់គេចខ្លួនដោយធ្វើចំណាកស្រុកទៅប្រទេសក្រៅ មិនដែលចូលស្រុកទេ រហូតមកដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ មីនា នេះ ទើបសមត្ថកិច្ចនគរបាលក្រុងព្រៃវែង បានប្រទះឃើញជនសង្ស័យកំពុងអង្គុយផឹកកាហ្វេនៅចំណុចកំពង់ដរមុខផ្សារក្រុងព្រៃវែង ខណៈពេលឃើញសមត្ថកិច្ចជនសង្ស័យក៏ស្ទុះរត់គេចខ្លួនទៅវាលស្រែប្រាំង តាមបណ្តោយដងអូរ ទើបសមត្ថកិច្ចស្រែកហៅប្រជាពលរដ្ឋ ឱ្យជួយដេញចាប់បានតែម្តង ៕
ចែករំលែកព័តមាននេះ