ខេត្តកោះកុង ៖ បន្ទាប់ពីកោះសន្ដិភាព បានផ្សាយមួយឈុតរឿងមន្ដ្រីធំ២នាក់ជាប់ចោទឈូសភ្នំពក រំលោភយកដីអ្នកភូមិរាប់រយហិកតារួចមក ឥឡូវរឿងសង្ស័យអាស្រូវ ពាក់ព័ន្ធនឹងការឈូសឆាយរំលោភយកដីនោះ ត្រូវបានធ្លាយចេញយ៉ាងច្បាស់ក្រឡែតតែម្ដង ដែលសង្ស័យថាបានឃុបឃិតរៀបចំដីលក់ឱ្យក្រុមហ៊ុនចិនមួយ ដោយចង់ប្រមូលទិញថោក លក់ថ្លៃ ។ បើមិនចង់លក់ថោកឱ្យទេ រួមគ្នាឈូសយកតែម្ដង ថ្ងៃក្រោយឱ្យរាង !
មានក្រុមហ៊ុនមួយឈ្មោះ តៃហ្វើ (ខេមបូឌា) ដែលទើបតែលើកប៉ាយរបស់ខ្លួនលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយកំពុងឈូសឆាយផ្លូវតម្រង់ទៅចំណុចភ្នំពកតែម្ដង ដែលអ្នកស្រុកនិយាយថា មានឈ្មួញកណ្ដាលជាមន្ដ្រីធានាថានឹងរកផ្ទៃដីឱ្យបានគ្រប់ចំនួន តាមតម្រូវការរបស់ក្រុមហ៊ុន ។ បើតាមការអះអាងរបស់ពលរដ្ឋនៅតំបន់នោះបញ្ជាក់ថា ក្រុមហ៊ុនតៃហ្វើ (ខេមបូឌា) ត្រូវការផ្ទៃដីរាប់ពាន់ហិកតាឯណោះ ជុំវិញតំបន់ភ្នំពក ។
ពាក់ព័ន្ទនឹងការធ្លាយរឿងអាស្រូវទាំងនេះ លោក ឈុន ឈិន ជាប្រធានភូមិសារ៉ាយ ដែលគ្រប់គ្រងភ្នំពកនេះផ្ទាល់ បានប្រាប់កោះសន្ដិភាពតាមទូរស័ព្ទនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ មីនា នេះថា រូបលោកជាមុខសញ្ញាដែលទទួលរងការគំរាមកំហែងមុនគេ ដោយសារតែរូបលោកមិនព្រមបដិសេធចំពោះពលរដ្ឋ៨៥គ្រួសារ ដែលមានផ្ទៃដីជើងភ្នំពក១០០ហិកតា ។ លោកថា បង្ខំឱ្យលោកបដិសេធម៉េចកើត បើដីនោះជាដីស្រែពលរដ្ឋរបស់លោក ។
លោក ឈុន ឈិន បញ្ជាក់ទៀតថា ដើមឡើយក្រុមហ៊ុនចិនខាងលើត្រូវការដីជាច្រើនពាន់ហិកតា នៅក្នុងភូមិសារ៉ាយ និងភូមិឈើនាង ឃុំជ្រោយស្វាយ ពេលនោះក៏លេចមុខមន្ដ្រី២រូប គឺលោករដ្ឋលេខាធិការ ភឿង សុភ័ណ្ឌ និងលោក សួន មាន ចូលមកឈូសឆាយ និងកាន់កាប់ដីខ្នងភ្នំពក ពាក់កណ្ដាលម្នាក់ តែដោយផ្ទៃដីភ្នំពកមិនគ្រប់តាមតម្រូវការ ពួកគេបានប្រើមនុស្សម្នាក់ឈ្មោះ ឆន ម៉ៅ ជាមន្ដ្រីភូមិបាលស្រុកស្រែអំបិល ដើរទិញពីប្រជាពលរដ្ឋក្នុងតម្លៃថោកៗ ក្នុងមួយហិកតាតម្លៃពី៣០០ដុល្លារទៅ៥០០ដុល្លារ ។ លោកថា តែតម្លៃក្រុមហ៊ុនចិនទិញពិតប្រាកដ គឺ១.៥០០ដុល្លារក្នុងមួយហិកតា ។ លោកប្រធានភូមិបញ្ជាក់ប្រាប់ទៀតថា ដោយមើលឃើញការកិបកេងលើញើសឈាមពួកគាត់ច្រើនពេក ពលរដ្ឋទាំង៨៥គ្រួសារខាងលើបដិសេធមិនព្រមលក់ ព្រោះក្រុមហ៊ុនឱ្យ១.៥០០ដុល្លារទៅហើយមួយហិកតា រឿងអីមន្ដ្រីឈ្មួញកណ្ដាលអាងអំណាចឱ្យថ្លៃតែ៣០០ទៅ៥០០ដុល្លារ ។
ព័ត៌មានពិស្តារនឹងផ្សាយជូននៅលើទំព័រសារព័ត៌មានកោះសន្តិភាពនៅថ្ងៃស្អែកនេះ ៕
ចែករំលែកព័តមាននេះ