ខេត្តកណ្ដាល ៖ បុរសចិត្តក្ដៅដូចភ្លើងម្នាក់ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងចាប់ឃាត់ខ្លួនបន្ទាប់ពីវាយប្រពន្ធ៣ដំបងបណ្តាលឱ្យរងរបួស និងវាយឪពុកក្មេកបែកក្បាលពេលចូលទៅឃាត់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ មីនា នៅនឹងផ្ទះ ស្ថិតនៅក្នុងភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ដោយសារតែខឹងប្រពន្ធដើរលេងផ្ទះគេ ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ដារ៉ា សារ៉ូ អាយុ៣១ឆ្នាំ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ សន វណ្ណដេត អាយុ៤២ឆ្នាំ និងឪពុកក្មេកដែលត្រូវកូនប្រសាវាយឱ្យរបួសដែរនោះ ឈ្មោះ ស៊ិន វណ្ឌ អាយុ៦៥ឆ្នាំ ។ អ្នកទាំងអស់គ្នា ជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។
មន្ត្រីនគរបាលបានបន្តថា មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធដាំបាយ និងធ្វើម្ហូបរួចរាល់ហើយហៅជនសង្ស័យជាប្តីឱ្យហូបបាយតែប្តីមិនទាន់ហូប ពេលនោះប្រពន្ឋក៏ពរកូនដើរទៅលេងផ្ទះអ្នកភូមិជិតខាង បានប្រហែលមួយម៉ោងក៏ដើរមកផ្ទះវិញ ដួសបាយឱ្យប្តីហូប រួចក៏ចេញទៅនិយាយលេងជាមួយអ្នកជិតខាងទៀត ។ លុះដល់វេលាកើតហេតុ បុរសជាប្តីដៃដល់ខឹងប្រពន្ធយ៉ាងខ្លាំងក៏បានបិទភ្លើងអំពូលទាំងក្នុងនិងក្រៅផ្ទះ និងបិទទ្វារផ្ទះមិនឱ្យប្រពន្ឋចូល ប៉ុន្តែក្រោយមកក៏បើកទ្វារផ្ទះឱ្យប្រពន្ធចូលវិញ កើតមានទំនាស់ពាក្យសម្ដីគ្នាយ៉ាងតឹងសរសៃក ហើយជនសង្ស័យស្ទុះទៅយកដំបងឈើជ្រុងប៉ុនកដៃវាយទៅលើស្ត្រីជាប្រពន្ឋ៣ដំបងបណ្តាលឱ្យរងរបួស ។ ឃើញដូច្នេះ ឪពុកក្មេករបស់ជនសង្ស័យចូលទៅឃាត់ ក៏ត្រូវជនសង្ស័យវាយត្រូវ២ដំបងបណ្តាលឱ្យបែកក្បាលហូរឈាម ភ្លាមៗនោះបងប្អូន និងអ្នកភូមិក៏មកជួយឃាត់ផងដែរ ។
ក្រោយកើតហេតុ ជនរងគ្រោះទៅប្ដឹងនគរបាលមូលដ្ឋាន ចុះទៅឃាត់ជនសង្ស័យ និងដកហូតវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ