ខេត្តរតនគិរី ៖ យោងលិខិតលេខ១០៨៦ ស.ជ.ណ.ផក ចុះថ្ងៃទី២២ កញ្ញា ២០១៥ ត្រង់ចំណុចទី៥ ស្តីពីការបង្កើតគណៈកម្មការរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្តរតនគិរី អាជ្ញាធរក្រុងបានលុង និងមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ខេត្តរតនគិរី ធ្វើការប្រគល់ ទទួលទីតាំងផ្សារបានលុងជូនក្រុមហ៊ុនហេង ដារ៉ា គ្រប់គ្រងឱ្យបានច្បាស់លាស់ ។
លិខិតខាងលើបញ្ជាក់ឱ្យដឹងទៀតថា គណៈកម្មការដេញថ្លៃភាស៊ីគ្រប់ប្រភេទ ជម្រាបជូនលោកប្រធានក្រុមហ៊ុន គឹម ជ្រា អាជ្ញាធរក្រុងបានលុង ធ្វើការលុបកិច្ចសន្យាស្តីពីការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ និងបរិស្ថាននៅបរិវេណផ្សារបានលុងខេត្តរតនគិរី រវាងលោកអ៊ុក សំអុល អភិបាលក្រុងបានលុង និងលោកជា គួង ប្រធានក្រុមហ៊ុនគឹម ជ្រា ដោយអនុវត្តតាម
ស.ជ.ណខាងលើ ប៉ុន្តែក្រុមហ៊ុននេះ នៅតែបន្តសកម្មភាពយកភាស៊ីអនាម័យនៅលើទីតាំងជុំវិញផ្សារដដែល ផ្ទុយពីសេចក្តីជូនដំណឹង និងអនុវត្តរំលោភលើសេចក្តីសម្រេចលុបកិច្ចសន្យារបស់សាលាក្រុងបានលុងកន្លងមក ។
ជាក់ស្តែង នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៤ មីនា ២០១៦ នេះ បុគ្គលិកក្រុមហ៊ុនជា គួង នៅតែដើរប្រមូលលុយថ្លៃភាស៊ីថ្លៃអនាម័យ ក្នុងបរិវេណផ្សារដដែល ។ លោកជាម សុផាត ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបានលុងបានប្រាប់ឱ្យដឹងថា ខាងភាគីផ្សារ បានទទួលលិខិត ស.ជ.ណ ពីសាលាខេត្តចុះថ្ងៃទី២១ មីនា ២០១៦ ចេញដោយលោកលី វិន្ទ អភិបាលរងខេត្ត ទទួលបន្ទប់គណៈកម្មការដេញថ្លៃភាស៊ីគ្រប់ប្រភេទរួចមក បានអនុវត្តដោយពុំមានធ្វើសកម្មភាពអ្វីនោះទេ ពោលគឺថ្លៃភាស៊ីអនាម័យភាគីផ្សារបានលុងពុំបានយកនោះទេ ។
ចំណែកឯការប្រមូលសំរាមសំអាតបរិវេណក្នុងផ្សារនោះ ក្រុមហ៊ុនហេង ដារ៉ា បានជួលកម្មករពីក្រៅដោយចេញថ្លៃពលកម្ម ។ ដោយឡែក ទាក់ទិនទៅនឹងក្រុមហ៊ុន ជា គួង និងអាជ្ញាធរក្រុងបានលុងមិនអនុវត្តតាម ស.ជ.ណ របស់សាលាខេត្តរតនគិរី ស្តីពីការយកភាស៊ីអនាម័យក្រៅផ្សារ និងជុំវិញផ្សារបានលុងនោះ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកអ៊ុក សំអុល អភិបាលក្រុងបានលុង និងលោកជា គួង ប្រធានក្រុមហ៊ុនគឹម ជ្រា បានទេ នៅព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០១៦ ។
ចែករំលែកព័តមាននេះ