ជុំវិញរឿងប៉ូលិសចរាចរណ៍ផាកពិន័យមិនទទួលលុយក្រដាស២ម៉ឺនរហែកបិទស្កុត
ខេត្តកណ្ដាល ៖ បុរសជាអ្នកបើកបររថយន្តម្នាក់ បានមានប្រតិកម្មចំពោះមន្ត្រីនគរបាលខេត្តមួយរូប ដែលដាក់គោលដៅត្រួតពិនិត្យល្បឿនរថយន្តនៅតាមផ្លូវជាតិលេខ៣ …
ខេត្តកណ្ដាល ៖ បុរសជាអ្នកបើកបររថយន្តម្នាក់ បានមានប្រតិកម្មចំពោះមន្ត្រីនគរបាលខេត្តមួយរូប ដែលដាក់គោលដៅត្រួតពិនិត្យល្បឿនរថយន្តនៅតាមផ្លូវជាតិលេខ៣ …
ខេត្តកណ្ដាល ៖ បុរសជាអ្នកបើកបររថយន្តម្នាក់ បានមានប្រតិកម្មចំពោះមន្ត្រីនគរបាលខេត្តមួយរូប ដែលដាក់គោលដៅត្រួតពិនិត្យល្បឿនរថយន្តនៅតាមផ្លូវជាតិលេខ៣ ដោយបានផាកពិន័យគ្រាន់តែក្រដាសប្រាក់២ម៉ឺនរៀលរហែកបិទស្កុតបន្តិចសោះបែរជាមិនយក ហាក់ដូចជាមិនបានឲ្យតម្លៃលើរូបិយប័ណ្ណរបស់ជាតិ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង៣០ព្រឹកថ្ងៃទី២៣ ខែមីនា នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិតាគុជ ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។ បើតាមប័ណ្ណផាកពិន័យ មន្ត្រីនគរបាលដែលសរសេរប័ណ្ណផាកនោះឈ្មោះ អ៊ឹម ចណ្ណារ៉ា ដែលជាគេស្គាល់ថា ជាមន្ត្រីនគរបាលការិយាល័យចរាចរណ៍ខេត្តកណ្តាល ។ ចំណែកអ្នកបើកបរឈ្មោះ ប៉េង ឃាង ជាអ្នកបើករថយន្តតូយ៉ូតា តាកូម៉ា២បាំង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P 3747 ។
តាមលោក ប៉េង ឃាង ជាម្ចាស់រថយន្តនិយាយថា នៅព្រឹកថ្ងៃកើតហេតុនោះ គាត់បានធ្វើដំណើរតាមផ្លូវជាតិលេខ៣ គោលបំណងចូលមករាជធានីភ្នំពេញ ដោយបើកបរក្នុងល្បឿន៦៥គីឡូម៉ែត្រក្នុង១ម៉ោង ។ ស្រាប់តែមកដល់ចំណុចខាងលើ សមត្ថកិច្ចចម្រុះរបស់ខេត្តកណ្តាលបានដាក់កម្លាំងត្រួតពិនិត្យល្បឿនរថយន្តនៅតាមផ្លូវជាតិលេខ៣ បានស្ទាក់ផាកពិន័យដោយចោទថា គាត់បើកបរលើសល្បឿនដែលចំណុចនោះកំណត់អោយបើកបរតែ៤០គីឡូម៉ែត្រក្នុង១ម៉ោង ។
ម្ចាស់រថយន្តរូបនេះរៀបរាប់ទៀតថា គាត់មិនបានចាប់អារម្មណ៍នោះទេ មិនបានដឹងថាត្រង់នោះកំណត់ឲ្យបើកបរត្រឹមតែល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង ។ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចផាកពិន័យ គាត់មិនបានជំទាស់នោះទេ និងបានឲ្យប្រាក់៤ម៉ឺនរៀលក្នុងនោះមានក្រដាស២ម៉ឺនរៀល២សន្លឹកទៅមន្ត្រីនគរបាលដែលសរសេរប័ណ្ណ ។ គួរឲ្យភ្ញាក់ផ្អើល ស្រាប់តែមន្ត្រីរូបនោះឲ្យក្រដាសប្រាក់១សន្លឹកមកវិញដោយប្រាប់ថា រហែកមិនយកទេ ព្រោះយកទៅខាងរតនាគារក៏មិនយកដែរ ។
តាមម្ចាស់រថយន្តរៀបរាប់ទៀតថា លុយខ្មែរសោះគ្រាន់តែរហែកបិទស្កុតបន្តិចហេតុអីមិនយក ។ នៅព្រឹកនោះក៏មានការជជែកគ្នា និងរុញប្រាក់ឲ្យទៅវិញទៅមកផងដែរ ។
តាមព័ត៌មានឲ្យដឹងថា បន្ទាប់ពីមានការផ្សាយព័ត៌មានដំបូងតាមគេហទំព័រកោះសន្តិភាព លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ក៏មានប្រតិកម្មថា អរគុណចំពោះបងប្អូនអ្នកសារព័ត៌មានតែកូនចៅលោក២.៥០០នាក់ លោកមិនអាចមើលអស់នោះទេ តែសុំឲ្យមានការយោគយល់ មានអីត្រូវសួរលោកសិនមិនត្រូវប្រកូកប្រកាសផ្សាយបែបនេះទេ ៕
ចែករំលែកព័តមាននេះ