ខេត្តក្រចេះ ៖ អាជ្ញាធរពាក់ព័ន្ធនៅជុំវិញគម្រោងការអភិវឌ្ឍ ក្នុងតំបន់ជាយក្រុងក្រចេះ ក្នុងសង្កាត់អូរឬស្សី បានថ្លែងនៅក្នុងសន្និសិទកាសែតរួមគ្នាមួយថា គម្រោងការអភិវឌ្ឍតំបន់ខាងក្រោយទីប្រជុំជនខេត្ត គឺមិនមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ ដូចតាមការលើកឡើងនោះទេ។ ថ្លែងនៅក្នុងសិន្និសិទកាសែតដែលបានធ្វើរួមគ្នា នៅរសៀលថ្ងៃទី២៣ ខែមីនា ក្រោមវត្តមានពីប្រធានមន្ទីរជំនាញពាក់ព័ន្ធរួមមាន លោកប្រធានមន្ទីរសូរិយោដី លោកប្រធានមន្ទីរសាធារណការ លោកប្រធានមន្ទីរឧត្តុនិយម និងលោកអភិបាលក្រុងក្រចេះ ដោយលោកប្រធានអង្គភាពជំនាញទាំងនោះបានអះអាងថា គំរោងការអភិវឌ្ឍន៍ដែលបានចាប់ ត្រូវធ្វើមានរយៈពេលជាង១ខែមកនេះ នឹងត្រូវបានធ្វើឡើងទៅតាមប្លង់គោលដែលបានសិក្សាយ៉ាងល្អិតល្អន់ គឺមិនមានការប៉ះពាល់ដល់ពលរដ្ឋមួយក្តាប់តូចដូចបានលើកឡើងនោះទេ។
ផ្ទុយទៅវិញ គឺជួយសម្រួលដល់ពលរដ្ឋលើហេដ្ឋារចនាសម្ពន្ធ ការបង្កើនភាពងាយស្រួលដល់ពួកគាត់ និងការបង្កបង្កើនផលដំណាំគ្រប់រដូវ។ ការអះអាងរបស់ប្រធានអង្គភាពមន្ទីរជំនាញនៅក្នុងការធ្វើសន្និសិទកាសែត គឺបានធ្វើឡើងបន្ទាប់ពីមានពលរដ្ឋចំនួន២០គ្រួសារ រស់នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ បានធ្វើពាក្យបណ្តឹងមកកាន់គណៈអភិបាលខេត្តដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយលើឈ្មោះ ឈឹម សំណាង ដែល បានយកគ្រឿងចក្រទៅឈូសឆាយលុបប្រឡាយចាស់ បើកប្រឡាយថ្មីដីនៅតំបន់ដីលិចទឹក បានរងនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ពលរដ្ឋបានលើកឡើងទៀតថា ការអភិវឌ្ឍន៍របស់អាជ្ញាធរនៅតំបន់នោះ គឺបាន បង្វែងផ្លូវទឹក និងធ្វើឲ្យប៉ះពាល់ដីស្រែរបស់ពួកគាត់ ព្រមទាំងអាចមានផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅជិតខាង ហើយដីដែលកំពុងតែឈូសឆាយធ្វើផ្លូវជាដីរបស់បុគ្គលដែលមានអំណាច។
តបទៅនឹងការលើកឡើងរបស់ពលរដ្ឋទាំងនេះ លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីរសុរិយោដីខេត្ត បានបញ្ជាក់ថា អ្វីដែលពលដ្ឋបានលើកឡើងគ្រាន់តែជាក្តីបារម្ភរបស់ពួកគាត់តែប៉ុណ្ណោះ ព្រោះផែនការអភិវឌ្ឍន៍របស់អាជ្ញាធរខេត្ត លើគម្រោងនេះ ចាប់តាំងពីឆ្នាំ១៩៩៩ នឹងបានសម្រេចអនុវត្តនៅឆ្នាំ២០១៥នេះ គឺបានសិក្សាយ៉ាងល្អិតល្អន់តាំងពីថ្នាក់ខេត្តដល់ក្រសួង និងបានសិក្សាយ៉ាងច្បាស់អំពីផលប៉ះពាល់មុននឹងចាប់ផ្ដើមអនុវត្តចុះដំណើរការមកម្ល៉េះ។
ការលើកឡើងឲ្យដឹងនៅក្នុងសន្និសិទកាសែត នៅរសៀលនេះដែរ លោក យិន វណ្ណះ អភិបាលក្រុងក្រចេះ បានឲ្យដឹងថា ផែនការរបស់អាជ្ញាធរបានរៀបចំអភិវឌ្ឍវិស័យឯកជននៅតំបន់ក្រោយទីប្រជុំជនខេត្ត ក្នុងសង្កាត់អូរឬស្សី លើផ្ទៃដីជាង២០ហិកតា ដោយមានរៀបចំជាផ្សារ ផ្ទះល្វែង ចំណតរថយន្ត និងហេដ្ឋារចនាសម្ពន្ធ។ លោកអភិបាលក្រុងនៅតែមានជំហរថា ការអភិវឌ្ឍន៍ គឺមិនបានប៉ះពាលដល់ដីរបស់ពលរដ្ឋនោះទេ ពោលគឺធ្វើឡើងតែនៅលើដីកម្មសិទ្ធិឯកជន និងដីកម្មសិទ្ធិរដ្ឋចំណែកឯការរស់នៅប្រកបរបរកសិកម្មរបស់អ្នកភូមិតិចតួចដែលបានអះអាងថា រងការប៉ះពាល់ គឺពួកគាត់នៅតែធ្វើបានដដែលដូចតាមទម្លាប់។
ផ្ទុយទៅវិញប្រសិនបើការធ្វើផ្លូវទំនប់នេះរួច ពលរដ្ឋដែលប្រកបរបរកសិកម្ម គឺរឹតតែមានភាពងាយស្រួលក្នុងការដឹកជញ្ជូន មិនពិបាកក្នុងរដូវស្សាទឹកជន់នោះទេ។ លោក យិន វណ្ណៈ បានបញ្ជាក់ថា អាជ្ញាធរក្រុង និងចុះសម្របសម្រួលជាមួយពលរដ្ឋឲ្យយល់កាន់តែច្បាស់ មិនឲ្យមានការព្រួយបារម្ភដូចតាមការលើកនោះទេ។ មានការលើកឡើងដែលដឹងស្រដៀងគ្នានេះដែរ ប្រធានមន្ទីរសាធារណការខេត្ត លោក ស្រេង ស្រស់ ក៏បានបញ្ជាក់ថា ក្រោយការឈូសឆាយធ្វើផ្លូវជាទំនប់រួចរាល់នៅលើទីតាំងអភិវឌ្ឍ គឺអាជ្ញាធរសម្រេចដាក់សម្បត្តិនេះជាសម្បត្តិសាធារណៈ ដើម្បីឲ្យពលរដ្ឋប្រើប្រាស់ជាសម្បត្តិរួម មិនប្រកាន់ថាជាប្រយោជន៍ឯកជននោះទេ។ មិនតែប៉ុណ្ណោះ ការធ្វើផ្លូវនៅតំបន់នៅនោះ វាជាប្រយោជន៍ដ៏សំខាន់ គឺជាការទប់ស្កាត់ ព្រមទាំងការបង្ការទឹកជំនន់ជន់លិចចូលខេត្ត និងជនលិចចូលក្នុងភូមិទៀតផង៕
ចែករំលែកព័តមាននេះ