រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះពីលទ្ឋផលនៃកិច្ចប្រជុំកំពូលឡានឆាង -មេគង្គមានខ្លឹមសារទាំងស្រុងដូចតទៅ ៖ កាលពីវេលាម៉ោង ៩:៣០ ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ឡានឆាង-មេគង្គ (1st Lancang-Mekong Cooperation Leader’s Meeting-LMC) នៅសាលមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិយ៉ាឡុងបេ (Yalong Bay) ទីក្រុងសានយ៉ា ខេត្ត ហៃណាន ប្រទេសចិន។ មានប្រមុខរដ្ឋនិងតំណាងប្រទេសចំនួន ៦ រួមទាំង ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រីចិន ផងដែរ។
កិច្ចប្រជុំកំពូលថ្ងៃនេះគឺមេដឹកនាំ និងតំណាងប្រទេសតាមដងទន្លេមេគង្គទាំង៦ រួមមាន កម្ពុជា ចិន ឡាវ ថៃ មីយ៉ានម៉ា និង វៀតណាម បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ដែលមានឥទ្ធិពលលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គទាំងអស់។ ប្រទេសទាំង៦ បានពិភាក្សអំពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិភាព ស្ថិរភាព មិត្តភាព ធានានូវកំណើនសេដ្ឋកិច្ច ដើម្បីសុខដុមនីយកម្មនៃប្រជាជាតិទាំងអស់ ។ ប្រទេសទាំង៦ ក៏បានប្តេជ្ញា ជួយប្រទេសជាដៃគូដែលមានសន្ទុះអភិវឌ្ឍន៍យឺតយ៉ាវ អោយដំណើរការលឿនទៅមុខព្រមគ្នា ដោយក្នុងនោះប្រទេសចិន បានសម្រេចតម្កល់មូលនិធិមួយចំនួនធំ ដើម្បីជួយជំរុញដល់គម្រោងនិងកម្មវិធីអភិវឌ្ឍន៍នៅក្នុងប្រទេសទាំង ៥ ដែលនឹងជួយជំរុញដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្សដែលជាកត្តាចាំបាច់បំផុត ។ ក្នុងនោះប្រទេសទាំង ៦ ក៏បានបញ្ជាក់ផងដែរអំពីសក្តានុពលទេសចរណ៍ដែលមានចំនួនប្រមាណ ១៥ លាននាក់ក្នុងមួយឆ្នាំៗ ដែលមកទស្សនាក្នុងប្រទេសនៅតាមដងទន្លេមេគង្គ ដែលជាប្រភពចំណូលមួយដ៏សំខាន់បំផុត រួមទាំងទំហំពាណិជ្ជកម្មប្រមាណ ១៩៣,៣ ប៊ីលានដុល្លារ ដែលនឹងជួយបង្កើនដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសទាំង ៦ ទៀតផង ។ តាមរយៈកិច្ចប្រជុំកំពូលនេះ គឺប្រមុខដឹកនាំទាំងអស់ខិតខំប្រើប្រាស់គ្រប់សក្តានុពលភាព ដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍អោយកាន់តែឆាប់ដោយផ្តោតលើផ្លូវគមនាគមន៍ អគ្គីសនី ទូរគមនាគមន៍ និងផលិតផលកសិកម្មជាដើម ។ ចំណុចសំខាន់ៗជាគោលការណ៌មួយចំនួន ដែលប្រមុខដឹកនាំទាំងអស់បានយកចិត្តទុកដាក់គាំទ្រ គឺ
១-កិច្ចការពារថែរក្សាសន្តិភាពដែលជាមូលដ្ឋាននៃការអភិវឌ្ឍន៍
២-ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ ដោយបើកចំហរអោយមានការចូលរួមទូលំទូលាយ
៣-ផ្តោតទៅលើគម្រោងអភិវឌ្ឍន៍ជាក់ស្តែង ដែលសំដៅលើផលប្រយោជន៍ប្រជាជន និង ៤- លើកកម្ពស់ភាពបើកចំហរ និងស្វាគមន៍ការចូលរួមពីបណ្តាប្រទេសក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រទេសចិនជាមិត្ត ដែលបានយកចិត្តទុក ដាក់គាំទ្ររហូតដល់មានការរៀបចំកិច្ចប្រជុំកំពូលនេះឡើង ព្រមទាំងបានសន្យាផ្តល់មូលនិធិអភិវឌ្ឍន៍រាប់រយលានដុល្លារទៀតផង ។ សម្តេចតេជោ ក៏បានអរគុណមិត្តចិន ដែលបានបើកទំនប់ទឹកនៅផ្នែកខាងលើនៃទន្លេមេគង្គ ដល់បណ្តាប្រទេសនៅផ្នែកទន្លេមេគង្គក្រោម ដូចជា កម្ពុជា និងវៀតណាម បាន ប្រើប្រាស់។ តែការបើកបង្ហូរពីរដងកន្លងមកនេះ គឺ កម្ពុជា និងវៀតណាម ពុំបានទទួលទឹកប្រើប្រាស់នៅឡើយទេ ហើយដែលបញ្ហាកង្វះទឹកនេះគឺកំពុងកើតមានឡើងនៅក្នុងប្រទេសយើង និងវៀតណាម ផងដែរ។ សម្តេចតេជោ បានអំពាវនាវដល់ប្រទេសនៅផ្នែកខាងលើ ដូចជា ថៃ មីយ៉ានម៉ា និង ប្រទេសឡាវ កុំបិទបង្ខាំងទឹក។
នៅក្នុងកិច្ចប្រជុំព្រឹកនេះ ប្រមុខដឹកនាំនៃប្រទេសទាំង៦ បានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនដូចជា៖
1-សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ានៃកិច្ចប្រជុំកំពូល មេគង្គ ឡានឆាង លើកទី១ (Sanya Declaration of the 1st LMC Leader’s Meeting) 2-សេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម (Joint Statement on Production Capacity Cooperation Among LMC Countries) 3-គម្រោងឆាប់ទទួលបានផលភ្លាមៗនៃកិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង (Joint List of LMC Early Harvest Projects)
តាមសំណូមពរ សម្តេចតេជោ ហ៊ុន សែន កិច្ចប្រជុំ LMC លើកក្រោយ (២ឆ្នាំម្តង) គឺនឹងធ្វើនៅប្រទេសកម្ពុជា រួមទាំងកិច្ចប្រជុំកម្រិតថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសមកពីប្រទេសតាមដងទន្លេមេគង្គទាំង ៦ ផងដែរ៕
ចែករំលែកព័តមាននេះ