រាជធានីភ្នំពេញ ៖ នារីម្នាក់បើករថយន្តម៉ាកកូរ៉ូឡាបំណងចូលចតរកកន្លែងធ្វើសក់ ក៏ប៉ុន្តែបានច្រឡំជាន់ហ្គែរ ស្មានតែហ្វ្រាំង បណ្តាលឱ្យស្ទុះទៅបុកជាមួយរថយន្ត២គ្រឿងកំពុងចតស្ងៀមបន្តកន្ទុយគ្នា ធ្វើឱ្យខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៣ មីនា ២០១៦ ស្ថិតនៅខាងមុខហាងធ្វើសក់មួយកន្លែងផ្ទះលេខ២១២B ផ្លូវលេខ១៥៥ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
នារីខាងលើមិនស្គាល់ឈ្មោះនោះទេ បើករថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២A-២៨៣៣ មួយគ្រឿងតែម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង។ លុះបើកមកដល់ចំណុចកើតហេតុ នារីរូបនោះក៏បើករថយន្តចូល និងព្យាយាមរកកន្លែងចតក្នុងទិសដៅបញ្ច្រាសទិសផងដែរ ក៏ស្រាប់តែជាន់ហ្គែរច្រឡំ ថាហ្វ្រាំង ក៏ស្ទុះទៅបុកនិងរថយន្ត២គ្រឿងទៀត ដែលកំពុងតែចតនៅស្ងៀមលើផ្លូវនោះតែម្តង ។
ក្នុងហេតុការណ៍នេះ ត្រូវគេសន្និដ្ឋានថា មកពីនារីរូបនោះមានស្មារតីតិចក្នុងការបញ្ជាយានយន្ត ទើបជាន់ហ្គែរ ស្មានតែហ្វ្រាំងទៅបុកនិងរថយន្តដទៃទៀត បណ្តាលឱ្យរងការខូចខាតបែបនេះ ។ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការសម្រមសម្រួលគ្នា ដោយភាគីខាងនារីវ័យក្មេងយល់ព្រមចេញថ្លៃជួសជុលលើការខូចខាតរថយន្តទាំង២គ្រឿង ដើម្បីបញ្ចប់រឿង ។
ចែករំលែកព័តមាននេះ