ខេត្តកំពត ៖ លោកគ្រូ អ្នកគ្រូ និងគរុសិស្សនៃសាលាគរុកោសល្យខេត្តកំពត ចំនួន២២៧នាក់ ដែលដឹកនាំដោយលោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប អង្គរ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មីនា ២០១៦ ។ គឺតបតាមអនុសាសន៍ថ្លៃថ្លាពីសំណាក់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្ទះកុមារអង្គការ SOS ស្ថិតនៅក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត កាលពីពេលកន្លងទៅ ។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះដែរ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានដឹកនាំប្រតិភូរួមដំណើរទាំងអស់ទៅទស្សនកិច្ចនៅតាមប្រាង្គប្រាសាទនានាដែលជាកេរ្តិ៍មរតកដូនតាខ្មែរតាំងពីយូរលង់ដែលជាដួងព្រលឹងជាតិខ្មែរមិនអាចកាត់ថ្លៃបាន ។ ឆ្លៀតក្នុងដំណើរទស្សនកិច្ចខាងលើ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានបញ្ជាក់ដល់ក្រុមគរុសិស្សថា ប្រាសាទបាយ័នបានកសាងនៅចុងសតវត្សទី១២ ដែលមានលក្ខណៈជាប្រាង្គ និងចេតីយ៍ ដើម្បីឧទ្ទិសដល់វីរបុរស និងយុទ្ធជនពលីនាសម័យបុរាណ និងរំលឹកផងដែរ ពីព្រហ្មវិហារធម៌របស់បុរស ពិសេសព្រហ្មវិហារធម៌របស់ឪពុក ។
បន្តមកប្រតិភូ ព្រមទាំងគរុសិស្សបានអញ្ជើញទៅទស្សនានៅទីលានជល់ដំរីដែលជាកន្លែងបង្កក់ប្រសិទ្ធតាំងពីសម័យបុរាណកាលនៃការលើកទ័ព និងរេពលទៅធ្វើសឹកសង្គ្រាមកាលសម័យអង្គរ ។ នៅទីនោះក៏មានចម្លាក់បង្ហាញពីគន្លងធម៌របស់ព្រះរាជានាសម័យនោះ ហើយដែលជួនកាលគេទៅជានិយាយពីស្តេចគម្លង់ទៅវិញ ។
ដោយឡែកចំពោះប្រាសាទតាព្រហ្មវិញដែលព័ទ្ធទៅដោយស្តង់ធំៗ ត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គដែលទ្រង់អាពាធដោយជំងឺឃ្លង់ (កាមរោគ?) ដែលជំនាន់នោះត្រូវបានគេចាត់ទុកថា ជាអកុសលកម្មរបស់លោក ។
នៅរសៀលថ្ងៃដដែលនេះដែរ ក្រុមគរុសិស្សក៏បានបន្តដំណើរទៅទស្សនានៅប្រាសាទអង្គរវត្តមានរោងជាងទង សីលា ចារិក ជ័យនន្ទ ចម្លាក់ឯទៀត មានជាន់បាកណៈ ព្រះពាន់ដែលនៅជាប់នឹងប្រាសាទគត់ទ្រូង ។ ដោយឡែកនៅឯប្រាសាទបន្ទាយស្រីឯណោះវិញ លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានបញ្ជាក់ថា ប្រាសាទនេះបានសាងសង់ឡើងចុងក្រោយនាសតវត្សទី១២ ដែលមានរូបចម្លាក់ដិតជ្រៅ ឆ្មារ និងរស់រវើកប្រកបដោយសិរី ឬបង្ហាញពីចរិកល្វេល្វន់របស់ស្ត្រីផងដែរ ៕
ចែករំលែកព័តមាននេះ