រាជធានីភ្នំពេញ ៖ លោកសោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៣ មីនា ២០១៦ បានចូលការពារលើពាក្យបណ្តឹងរបស់លោក ដែលបានដាក់ចូលទៅតុលាការប្តឹងលោកសម រង្ស៊ី ដែលបានផ្សាយតាមហ្វេសប៊ុកបរិហារកេរ្តិ៍ ។
លោកសោម សឿន បានថ្លែងនៅតុលាការថា លោកសម រង្ស៊ី បាននិយាយក្រឡៃខុសពីការពិត ចោទលោកបានប្រាប់ដល់មន្ត្រីនានាក្នុងការបង្កើត (Account) ហ្វេសប៊ុកសិប្បនិមិត្ត ក្នុងការ (like) ជូនសម្តេចនាយករដ្ឋមន្ត្រី ។ គេបាននិយាយថា ទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ដែលមានអ្នកចុច (like) ច្រើន បណ្តាលមកពីការជួល ឬទិញអ្នកក្រីក្រ ។
លោកសោម សឿន បានលើកឡើងថា លោកជាអ្នកបង្កើតទំព័រហ្វេសប៊ុក ដើម្បីឲ្យប្រជាពលរដ្ឋដឹងពីព័ត៌មានរបស់ថ្នាក់ដឹកនាំ និងសកម្មភាពរបស់គណបក្ស និងចុច (like) ។ តែបែរជាលោកសម រង្ស៊ី បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់បង្កើត ជា
ហ្វេសប៊ុកសិប្បនិម្មិត្តទៅវិញ ។
យោងតាមពាក្យបណ្តឹងបានលើកឡើងថា សុំប្តឹងឈ្មោះសម រង្ស៊ី ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៦៧៨ ផ្លូវជាតិ២ សង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប្រធានគណបក្សសង្គ្រោះជាតិ ។ ព័ត៌មានដែលបានផ្សាយលើហ្វេសប៊ុករបស់លោកសម រង្ស៊ី កាលពីថ្ងៃទី៩ មីនា ឆ្នាំ២០១៦ ។
ពាក្យបណ្តឹងដាក់ចូលទៅតុលាការបានសរសេរថា កាលពី៩ មីនា ឆ្នាំ២០១៦ លើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី (Sam Rainsy) ដែលបានបង្ហោះអត្ថបទមួយ ដែលមានខ្លឹមសារមូលបង្កាច់ខុសពីការពិត ដែលថាលោកបានណែនាំមន្ត្រីរបស់ខ្លួន អ្នកគាំទ្រនិងបណ្តាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិស និងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ក្នុងគោលបំណងចង់ផ្តល់ការឡាយ (like) សិប្បនិម្មិតដល់ទំព័រហ្វេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ពាក្យបណ្តឹងរបស់លោកសោម សឿន បានលើកឡើងថា លើហ្វេសប៊ុកលោក សម រង្ស៊ី បានលើកឡើងខុសពីការពិត ដោយធ្វើអត្ថាធិបាយថា Like មួយចំនួនធំ ដែលបានបង្ហាញនៅលើកទំព័រហ្វេសប៊ុកសម្តេច គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រ អត់ការងារធ្វើបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីផ្តល់ការ Like សិប្បនិម្មិតជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ។
លោក សោម សឿន បានថ្លែងប្រាប់អ្នកកាសែតថា ការបង្គោះនៅក្នុងហ្វេសប៊ុករបស់លោកសម រង្ស៊ី ខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និងរូបលោកយ៉ាងធ្ងន់ធ្ងរ ។ លោកបានទាមទារឱ្យតុលាការផ្តន្ទាទោស លោកសម រង្ស៊ី តាមច្បាប់និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល ។
ចែករំលែកព័តមាននេះ